ព័ត៌មានទាន់ហេតុការណ៍៖

គជប ចេញសេចក្តីប្រកាសព័ត៌មាន ជំនួបរវាង លោកប្រធាន គជ.ប និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ជំនួបរវាង លោកប្រធាន គជ.ប និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ។ 

គជប បញ្ជាក់ថា, នារសៀលថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលជួបសវនាការជាមួយ លោក មិកាមិ ( ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការ គ.ជ.ប វេលាម៉ោង ១៥:០០ ដើម្បីស្វែងយល់អំពីដំណើរការទូទៅនៃការបោះឆ្នោតនៅកម្ពុជា។

ក្នុងឱកាសនោះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណចំពោះប្រទេស ជប៉ុនដែលតែងតែជួយដល់ គ.ជ.ប តាំងពីឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន ទាំងមធ្យោបាយ សម្ភារ បរិក្ខារបច្ចេកទេស រួមទាំងអ្នកជំនាញការបោះឆ្នោត និងថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់ លើការដឹកនាំរបស់ លោកប្រធាន គជ.ប។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា គ.ជ.ប តែងតែបំពេញភារកិច្ច របស់ខ្លួនដោយឈរលើគោលការណ៍ច្បាប់។លោកបន្តថា ចំពោះការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលទើបតែបញ្ចប់ថ្មីៗនេះ ត្រូវបានមតិជាតិ និង អន្តរជាតិភាគច្រើនលើសលប់វាយតម្លៃថា បានប្រព្រឹត្តទៅដោយរលូនល្អ ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណ:ល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ហើយការអនុវត្ត បានត្រឹមត្រូវទាំងក្នុងក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌបច្ចេកទេស។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដោយមាន មានប្រសាសន៍ថា គ.ជ.ប ត្រូវអនុវត្តកិច្ចការរបស់ខ្លួនក្នុងដំណាក់កាលសំខាន់ៗទាំងបួននៅដំណើរការរៀបចំ ការបោះឆ្នោត នោះគឺ៖

-ដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំ បញ្ជីបោះឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០២៣

-ដំណាក់កាលនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត

-ដំណាក់កាលនៃការឃោសនាបោះឆ្នោត

-ដំណាក់កាលនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលន ការបោះឆ្នោត។

សូមអានខ្លឹមសារ ទាំងស្រុង ជំនួបរវាង លោកប្រធាន គជ.ប និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ដូចខាងក្រោម៕

 

ដោយ : សិលា


ចែករំលែក៖