ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីដ៏ថ្មីសន្លាងមួយគ្រឿងបេីកវ៉ាជែងរេចង្កូតក្រឡាប់ផ្ងារជេីងទ្រមេឃនៅផ្លូវ៦០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តម៉ាក​ តូយ៉ូតា​ កាមរីដ៏ថ្មីសន្លាង​ មួយគ្រឿង​ ក្នុងល្បឿនលឿន​និងវ៉ាជែងគេឯងមិនប្រយ័ត្ន​ ក៏រេចង្កូតមកចញ្ចេីមផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជេីងប៉ិះធ្លាក់ចូលទឹកបឹង​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៩​ និង៥០នាទីយប់​ ថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០២២​ នៅតាមមហាវិថី​សម្ដេចតេជោ​ (ផ្លូវ៦០ម៉ែត្រ)​ ក្នុងសង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុគេឃេីញរថយន្តស៊េរីទំនេីប​ ម៉ាក​ តូយ៉ូតា​ កាមរី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AB-0284 ដែលបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន​ និងបានវ៉ាជែងគេឯងតាមដងផ្លូវ​ រួចក៏រេចង្កូតមកស្ដាំដៃអែមចញ្ចេីមផ្លូវ​ បណ្ដាលឲ្យក្រឡាប់ផ្ងារជេីងទ្រមេឃ​ និងប៉ិះធ្លាក់ទឹកបឹង​ រងការខូចខាតយ៉ាងដំណំ​ ។ បន្ទាប់មក​ បុរសម្នាក់ដែលជាតៃកុងរថយន្តបង្កក៏បានធាក់ទ្វាររថយន្តចេញ​ និងដេីរធម្មតាមិនមានរបួសនោះឡេីយ​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានពិនិត្យស្ថានភាពជុំវិញកន្លែងកេីតហេតុមិនឃេីញប៉ះពាល់ដល់សម្បត្តិរដ្ឋ​ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្ស​ ទេីបសម្រេចចិត្តប្រគល់រថយន្តបង្កឲ្យទៅម្ចាស់ស្ទួចយកទៅជួសជុលដោយខ្លួនឯង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖