ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំនាយទាហាន នាយទាហានរងនិងពលទាហាន ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកា ឆ្នាំ១៩៥៣ – ៩វិច្ឆិកា ឆ្នាំ២០២២ ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងសុន្ទរកថា ដោយបានគូសបញ្ជាក់ថា ក្នុងរយៈពេល ៦៩ឆ្នាំកន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានឆ្លងកាត់ដំណាក់កាល ផ្លាស់ប្ដូរក្នុងដំណើរបត់បែននៃប្រវត្តិសាស្ត្រជាច្រើន និងទទួលនិន្នាការនយោបាយខុសៗគ្នា។ តែបច្ចុប្បន្ននេះកងយោធពលខេមរភូមិន្ទ នៅតែរក្សាបាននូវអត្តសញ្ញាណជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលប្រសូត្រចេញពីប្រជាជននិងដើម្បីប្រជាជនកម្ពុជា ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា មកដល់បច្ចុប្បន្ននេះ កងយោធពលខេមរភូមិន្ទ បានរីកចម្រើនធំធាត់ ទាំងបរិមាណនិងគុណភាព នឹងបានកែទម្រង់ជាបន្តបន្ទាប់ ស្របតាមការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនេះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានចូលរួម បានអញ្ជើញដុតធូបគោរពវិញ្ញាណក្ខន្ធនៅតាមផ្នូរសពរបស់កម្មាភិបាលយុទ្ធជនយុទ្ធនារី ដែលបានតម្កល់ទុកនូវវិមានរំលឹកគុណយុទ្ធជនពលីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ផងដែរ៕
ដោយ : សហការី