ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបេីករុឺម៉កសណ្ដោងតាមដងផ្លូវ ត្រូវរថយន្តទំនេីបម៉ាក ALPHARD បេីកបរដោយបុរសជាជនជាតិចិន មកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ដោយធ្វេីឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអ្នកដំណេីរកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទីព្រហស្បតិ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចមុខមណ្ឌលសុខភាព ព្រែកឯង តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សួរ សុខុន ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ រត់រុឺម៉កសណ្ដោង ស្នាក់នៅភូមិកោះប្រាក់ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញបុរសរងគ្រោះបេីករុឺម៉កសណ្ដោង ពណ៌ត្រួយចេក ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកេីតទៅលិច ក្នុងល្បឿនល្មម ខណៈពេលនោះក៏មានរថយន្តស៊េរីទំនេីបម៉ាក Toyota ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-8289 បេីកបរដោយបុរសម្នាក់ជាជនជាតិចិន និងបុរសម្នាក់ទៀតជាជនជាតិដូចគ្នារួមដំណេីរជាមួយ តាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅស្របគ្នានិងរុឺម៉កសណ្ដោងក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានបុករុឺម៉កសណ្ដោងពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់រុឺម៉កសណ្ដោងខ្ទាតមកចញ្ចេីមផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែង ។ រីឯរុឺម៉កសណ្ដោង និងរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំដូចគ្នា តែភ្លាមៗសមត្ថកិច្ចមូលដ្ឋានក៏បានឃាត់តៃកុងរថយន្តបង្កយកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ព្រែកឯង ដេីម្បីដោះស្រាយតាមនីតិវិធី ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចុះមកធ្វេីការវាស់វែងយករថយន្តបង្ក និងរុឺម៉កសណ្ដោងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុ រួចប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ាដង្កោ