ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម៖​ នាំយកអំណោយរបស់សម្តេចតេជោ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន១,២៨៨គ្រួសារ នៅឃុំស្រអែម ស្រុកជាំក្សាន្ត

ចែករំលែក៖

ខេត្ត​ព្រះវិហារ ​៖​ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃសៅរ៍ ១២ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បាននាំយកអំណោយរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន១,២៨៨ គ្រួសារ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពី លោក ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , លោកអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

នាឱកាស​នោះ​លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា ខេត្តព្រះវិហារ ទទួលរងនៅគ្រោះទឹកជំនន់ ធ្វើឲ្យប៉ះពាល់តាមបណ្តា ក្រុង ស្រុក និងតំបន់មួយចំនួនរងការលិចលង់  ខូចខាតដំណាំកសិកម្ម ប៉ះពាល់ផ្ទះសម្បែង  និងហេដ្ឋារចនាសម្ព័ន្ធផងដែរ ក្នុងនោះរួមមាន៖ ប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ២២៩គ្រួសារ ក្នុងនោះ ជម្លៀស ប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពចំនួន១២៣គ្រួសារ។ ប៉ះពាល់ដំណាំស្រូវ ១០,៩២៣ហិកតា ខូចខាត ៥,០៥៧ហិកតា និងដំណាំរួមផ្សំ ៨,០២០ហិកតា ខូចខាត ៤,៣៣៨ហិកតា និងប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធ ចំនួន ០៦ក្រុង ស្រុក ផ្លូវជនបទមួយចំនួនទទួលរងការខូចខាត ប៉ះពាល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនទៀត។ ជាការឆ្លើយតបចំពោះផលប៉ះពាល់ដោយទឹកជំនន់ខាងលើ អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមខេត្ត និងអង្គការដៃគូរ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រោះសាររងគ្រោះផងដែរ។

ជាកិច្ចចាប់ផ្តើមសំណេះសំណាល លោកកិត្តិសង្គហបណ្ឌិត​ គន់​ គីម​ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះពលរដ្ឋកម្ពុជាគ្រប់ៗរូប។

លោកកិត្តិសង្គហបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នា ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលទឹកជំនន់។ លោក​កិត្តិសង្គហបណ្ឌិត​ បានមានប្រសាសន៍ថា មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច ជាពិសេសរាល់ពេលដែលពលរដ្ឋមានទុក្ខលំបាក។ជាមួយគ្នានេះឯកឧត្តមក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ទាំងអស់ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អោយទទួលបាននូវភាពជោគជ័យ។

មុននឹងបញ្ចប់ លោកកិត្តិសង្គហបណ្ឌិត បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងត្រឡប់ទៅផ្ទះវិញប្រកបដោយសេចក្តីសុខ សុវត្ថិភាព គ្រប់ៗគ្នា៕

ដោយ​៖សហការី​


ចែករំលែក៖