ភំ្នពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋានគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស បានលើកឡើងថា៖ ក្រុមប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសលើផ្ទៃទឹកសាប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវយកចិត្តទុកដាក់និងការពារឲ្យបាន មិនត្រូវធ្វេសប្រហែស ក្នុងឱកាសកម្ពុជាធ្វើប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ។
ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ធ្វើឡើងក្នុងឱកាសអញ្ជើញចុះពង្រឹងក្រុមប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសលើផ្ទៃទឹកសាប ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់លើផ្ទៃទឹក នៅរសៀលថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០២២ នៅទីបញ្ជាការក្រុមប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសលើផ្ទៃទឹកសាប ។
លោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ បានមានប្រសាសន៍ថា ក្រុមប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសលើផ្ទៃទឹកសាប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបែងចែកកម្លាំង និងត្រៀមមធ្យោបាយ និងសម្ភារគ្រប់គ្រាន់រួចជាស្រេច ដើម្បីចេញប្រតិបត្តិការការពារពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកិច្ចប្រជុំដ៏មានសារសំខាន់នេះ ធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ចាប់ថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។
លោកប្រធាននាយកដ្ឋាន បន្តថា ក្នុងនាមយើងជាកងកម្លាំង នៃក្រុមប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសលើផ្ទៃទឹកសាប របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវគោរពវិន័យ បទបញ្ជា ជាពិសេសបំពេញភារកិច្ចតាមផែនការការពារដែលថ្នាក់ដឹកនាំប្រគល់ជូន ដោយអនុវត្តឱ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ ៕
ដោយ៖សហការី