ក្រុមហ៊ុនមេតា(Meta) ជាក្រុមហ៊ុនមេរបស់បណ្តាញសង្គមហ្វេសប៊ុក មានគម្រោងកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ ខណៈដែលប្រាក់ចំណូលរបស់ក្រុមហ៊ុននេះមិនមានការកើនឡើង។ ក្រុមហ៊ុនបានខាតបង់ប្រាក់រហូតដល់ទៅ ៥០០ពាន់លានដុល្លារនៅលើទីផ្សារភាគហ៊ុននៅក្នុងឆ្នាំនេះ។
ក្រុមហ៊ុន Meta Platforms Inc ដែលជាស្ថាប័នគ្រប់គ្រងបណ្តាញសង្គមហ្វេសប៊ុកបានប្រកាសពីគម្រោងកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ពលកររាប់ពាន់នាក់។ គម្រោងកាត់បន្ថយបុគ្គលិកនឹងប្រកាសនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ការសម្រេចកាត់បន្ថយបុគ្គលិកនេះដោយសារតែស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេតាមិនល្អ ដោយក្រុមហ៊ុនបានខាតបង់ប្រាក់ដល់ទៅ៥០០ពាន់លានដុល្លារនៅលើទីផ្សារភាគហ៊ុន ។ នៅក្នុងខែតុលាកន្លងមក ក្រុមហ៊ុនក៏បានប្រកាសពីលទ្ធផលអាជីវកម្មចុះខ្យោយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ និងបន្តខាតបង់ ៦៧ពាន់លានដុល្លារទៀត។
បញ្ហាដែលក្រុមហ៊ុនមេតាជួបប្រទះគឺជាបញ្ហាដែលបណ្តាក្រុមហ៊ុនជួបប្រទះដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ បញ្ហាកាន់តែខ្ពស់ ខណៈដែលក្រុមហ៊ុនត្រូវប្រកួតប្រជែងយ៉ាងខ្លាំងជាមួយគូប្រជែង គឺ បណ្តាញសង្គមតិចតុក Tik Tok ។
អគ្គនាយកក្រុមហ៊ុន Meta Platforms Inc លោក Mark Zuckerberg បានប្រកាសថា នៅឆ្នាំ២០២៣ ក្រុមហ៊ុននឹងផ្អាករាល់គម្រោងដើម្បីកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុនមេតា ហើយក្រុមហ៊ុននឹងត្រូវចំណាយពេលយ៉ាងតិចមួយទសវត្សរ៍ ទើបអាចទទួលបានលទ្ធផលមកវិញ ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN