ភ្នំពេញ ៖ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៨ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះ Djerba ប្រទេសទុយនេស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
តបតាមការអញ្ជើញរបស់លោក Kaïs SAÏED ប្រធានាធិបតីនៃសាធារណរដ្ឋទុយនីស៊ី , លោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនីលើកទី១៨ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះ Djerba ប្រទេសទុយនេស៊ី ក្រោមប្រធានបទ “ការតភ្ជាប់នៅក្នុងពិពិធភាព៖ វិស័យឌីជីថល ជាចលករនៃការអភិវឌ្ឍ និងសាមគ្គីភាពនៅក្នុងតំបន់ហ្វ្រង់កូហ្វូនី”។
នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ ប្រមុខរដ្ឋនិងរដ្ឋាភិបាល និងតំណាង នឹងផ្លាស់ប្តូរ យោបល់គ្នានៅក្នុងកិច្ចប្រជុំពេញអង្គក្នុងទម្រង់ជាកិច្ចពិភាក្សាតុមូល ទៅលើប្រធានបទ “ឌីជីថល គឺជា ឧបករណ៍អាទិភាពរបស់ហ្វ្រង់កូហ្វូនី” និង “ស្តី និងយុវជន ជាគោលដៅអាទិភាពរបស់ហ្វ្រង់កូហ្វូនី”។ បន្ទាប់មក ពួកគេនឹងធ្វើការពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀត ទៅលើប្រធានបទ “ហ្វ្រង់កូហ្វូនីនាពេល អនាគត” និង “ការមិនជឿទុកចិត្តរបស់ប្រជាពលរដ្ឋ”។
បន្ទាប់មក ប្រមុខរដ្ឋនិងរដ្ឋាភិបាល និងតំណាង នឹងពិនិត្យមើលឯកសារចំនួនប្រាំដែលនឹង ដាក់ជូនសម្រាប់អនុម័ត៖ (១) សេចក្តីព្រាងសេចក្ដីថ្លែងការណ៍ Djerba (២) សេចក្តីព្រាងសេចក្តី សម្រេចស្តីពីស្ថានភាពវិបត្តិ ការចាកចេញពីវិបត្តិ និងការពង្រឹងសន្តិភាពក្នុងតំបន់ហ្វ្រង់កូហ្វូនី (៣) សេចក្តីព្រាងសេចក្តីប្រកាសស្តីពីភាសាបារាំងក្នុងភាពចម្រុះនៃភាសា នៅក្នុងហ្វ្រង់កូហ្វូនី (៤) សេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្ត្រហ្វ្រង់កូហ្វូនី ឆ្នាំ២០២៣-២០៣០ និង (៥) សេចក្តីព្រាងវិធាន
ស្ដីពីនីតិវិធីនៃការចូលជាសមាជិក ឬការកែតម្រូវសមាជិកភាពនៃរដ្ឋឬរដ្ឋាភិបាលនៅអង្គការ OIF។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ ប្រមុខរដ្ឋនិងរដ្ឋាភិបាលនឹងបោះឆ្នោតជ្រើសរើសអគ្គលេខាធិការ មកបង ហ្វ្រង់កូហ្វូនី និងពិភាក្សាអំពីកាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩។
សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៨។ លោក បណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការ នឹងចូលរួម ជាតំណាងរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចប្រជុំ CMF នេះ ៕
ដោយ : សិលា