ប្រទេសចិនបានបន្ធូរបន្ថយបទប្បញ្ញត្តិ Zero-COVID មួយចំនួន ដូចជាការបន្ថយរយៈពេលដាក់ឱ្យនៅដាច់ដោយឡែក (ធ្វើចត្តាឡីស័ក) ការបន្តជើងហោះហើរអន្តរជាតិឡើងវិញ។
នៅថ្ងៃទី១១ ខែវិច្ឆិកា ប្រទេសចិនបានបន្ធូរបន្ថយវិធានការរឹតត្បិត COVID-19 មួយចំនួន (ហៅម្យ៉ាងទៀតថា Zero-COVID) ដូចជាការបន្ថយរយៈពេលធ្វើចត្តាឡីស័ក រយៈពេលពីរថ្ងៃសម្រាប់អ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ -១៩ និងអ្នកទេសចរក្នុងស្រុក ការដកការផាកពិន័យសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលនាំអ្នកដំណើរមានវិជ្ជមានកូវីដ-១៩ ។
នៅក្រោមច្បាប់ថ្មី ការធ្វើចត្តាឡីស័ក ត្រូវបានកាត់បន្ថយមកត្រឹម៥ថ្ងៃប៉ុណ្ណោះ ដែលពីមុន មានដល់ទៅ៧ថ្ងៃ ហើយបន្តនៅផ្ទះ៣ថ្ងៃទៀត ។ ការបន្ថយពេលវេលាធ្វើចត្តាឡីស័ក ត្រូវបានអនុវត្តសម្រាប់អ្នកធ្វើដំណើរក្នុងស្រុក។ ការផ្អាកជើងហោះហើរអន្តរជាតិដោយសារតែការរកឃើញអ្នកដំណើរឆ្លងមេរោគក៏ត្រូវបានលុបចោលផងដែរ។
សម្រាប់អ្នកដំណើរក្នុងស្រុក តម្រូវការធ្វើតេស្ត COVID-19 មុនចេញដំណើរត្រូវបានកាត់បន្ថយពី ២លើកនៅសល់តែ១លើកប៉ុណ្ណោះក្នុងរយៈពេល៤៨ម៉ោង។
គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនបាននិយាយថា ខ្លួននឹងមិនតាមដានទំនាក់ទំនងជិតស្និទ្ធបន្ទាប់បន្សំទេ(អ្នកប៉ះពាល់ដោយប្រយោល) ប៉ុន្តែនឹងនៅតែរក្សាការតាមដានចំពោះតែអ្នកទំនាក់ទំនងដោយផ្ទាល់។
គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនក៏បាននិយាយផងដែរថា ប្រទេសនេះនឹងបង្កើតផែនការដើម្បីពន្លឿនការចាក់វ៉ាក់សាំង ជាពិសេសសម្រាប់មនុស្សចាស់។
ប្រទេសចិនក៏នឹងខិតខំប្រឹងប្រែងដើម្បីធានាបាននូវការដឹកជញ្ជូនប្រកបដោយរលូនសម្រាប់សហគ្រាស និងឧស្សាហកម្មក្នុងអំឡុងពេលមានការផ្ទុះកូវីដ-១៩ ហើយសហគ្រាសសំខាន់ៗមិនត្រូវស្នើសុំឱ្យផ្អាកផលិតកម្មតាមអំពើចិត្តឡើយ៕
ដោយ៖ ធីរីណា(រូបថត ៖ REUTERS)