ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញគ្រឿងអេឡេចត្រូនិកសង្ស័យគេចពន្ធបានឆ្លងដែនទៅប្រទេសវៀតណាមតាមប្រឡាយទឹកនៃច្រករបៀងគោកតែក ស្រុកចន្ទ្រា

ចែករំលែក៖

    ខេត្តស្វាយរៀង ៖ រថយន្តដឹកទំនិញគ្រឿងអេឡេចត្រូនិកដែលគេសង្ស័យថាជាទំនិញគេចពន្ធនោះបានឆ្លងដែនទៅប្រទេសវៀតណាមតាមប្រឡាយទឹកនៃច្រករបៀងគោកតែក ស្រុកចន្ទ្រាបានយ៉ាងរលូន ខណៈដែលគេមិនឃើញមានសមត្ថកិច្ចមកត្រួតពិនិត្យឡើយ។

    ករណីរថយន្តដឹកទំនិញគ្រឿងអេឡេចត្រូនិកដែលគេសង្ស័យថាគេចពន្ធនោះបានកើតឡើងនៅថ្ងៃទី១៣ខែវិច្ឆិកា២០២២នៅចំណុចប្រឡាយទឹក ជិតប៉ុស្ត៍នគរបាលវរៈការពារព្រំដែនច្រករបៀងគោកតែក ស្ថិតក្នុងភូមិគោកតែក ឃុំចន្រ្ទា ស្រុកចន្រ្ទា។

    យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា មានរថយន្ត១គ្រឿងម៉ាក FUSO ពាក់ស្លាកលេខភ្នំពេញ៣A-៣២៥៣ ដឹកទំនិញគ្រឿងអេឡេចត្រូនិកពេញទ្រុងដែលគេសង្ស័យថាជាទំនិញគេចពន្ធ បានបើកបរមកផ្ទេរទំនិញនៅចំណុចប្រឡាយទឹក ជិតច្រករបៀងគោកតែក ដោយផ្ទេរដាក់ក្នុងទូកស្មាច់ (ទូកម៉ាស៊ីនតឹកយ៉ាងជនជាតិវៀតណាម)ដឹកឆ្លងដែនចូលទៅប្រទេសវៀតណាមតាមផ្លូវទឹកយ៉ាងរលូនជារៀងរាល់ថ្ងៃ ដោយពុំមានឃើញអាជ្ញាធរមានសមត្ថកិច្ចមកត្រួតពិនិត្យឡើយ ។

    បើតាមប្រជាពលរដ្ឋនៅទីនោះបានរិះគន់ចំៗទៅលើអាជ្ញាធរនិងសមត្ថកិច្ចថាគ្មានការទប់ស្កាត់ការដឹកទំនិញតាមរថយន្តធុនធំ ធ្ងន់ៗនេះគឺបង្កឱ្យខូចផ្លូវលំនៅជនបទធ្វើឱ្យពិបាកក្នុងការធ្វើដំណើរ។ ជាមួយគ្នានេះប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចជំនាញ អាជ្ញាធរខេត្តមេត្តា ចុះពិនិត្យនិងបង្ក្រាបក្រុមរថយន្តដឹកទំនិញគេចពន្ធទាំងនេះផង បើមិនដូច្នោះទេនាំឱ្យបាត់ប្រាក់ចំណូលថវិកាជាតិច្រើនណាស់។

   ទាក់ទិននឹងករណីនេះដែរ នៅព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោកថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា ដោយលោកបានឆ្លើយថា លោកនឹងឱ្យកម្លាំងចុះត្រួតពិនិត្យមើល។

    ចំណែកលោកមេប៉ុស្ត៍នគរបាលវរៈការពារព្រំដែនច្រករបៀងគោកតែកវិញ នគរវត្តមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២២នេះ៕

ដោយ៖ សុថាន


ចែករំលែក៖