ព័ត៌មានទាន់ហេតុការណ៍៖

តាមកិច្ចព្រមព្រៀងរបស់អង្គការ OPEC+ ពេលនេះអារ៉ាប៊ីសាអ៊ូឌីតកាត់បន្ថយការនាំចេញប្រេង

ចែករំលែក៖

ប្រទេស OPEC+ បានសម្រេចកាត់បន្ថយការនាំចេញប្រេង គឺផ្ទុយពីអ្វីដែលប្រទេសលោកខាងលិចចង់បានគឺបង្កើនការផលិតប្រេង នាំប្រេងចេញដើម្បីរក្សាតម្លៃប្រេងទាបនិងបំពេញតម្រូវការប្រេងរបស់ប្រទេសលោកខាងលិច ក្នុងនោះមានតំបន់អឺរ៉ុបជាដើម។
នៅពេលនេះ អារ៉ាប៊ីសាអ៊ូឌីតបានកាត់បន្ថយការនាំចេញប្រេងដ៏ច្រើននៅក្នុងខែនេះ ខណៈដែលព្រះរាជាណាចក្រមួយនេះអនុវត្តកិច្ចព្រមព្រៀងរបស់អង្គការ OPEC+ ដើម្បីបង្កើនតម្លៃទីផ្សារប្រេងឆៅពិភពលោក។
សារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រុមហ៊ុនវិភាគថាមពល Kpler Ltd ថា ការនាំចេញប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតបានធ្លាក់ចុះប្រហែល៤៣ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ឬប្រហែល ៦% នៅពាក់កណ្តាលខែវិច្ឆិកាធៀបនឹងខែតុលា។ តែបរិមាណធ្លាក់ចុះនេះមានកម្រិតខ្ពស់ជាងនេះគឺ ៦៧៦ពាន់បារ៉ែលបើយោងតាមទិន្នន័យពីក្រុមហ៊ុនផ្តល់ប្រឹក្សា Vortexa Ltd។
មន្ត្រីម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានថ្លែងថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលដឹកនាំអង្គការប្រទេសនាំចេញប្រេង (OPEC) បានប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកិច្ចព្រមព្រៀងនេះដែលបានធ្វើឡើងកាលពីខែមុនរវាងអង្គការនេះ នឹងប្រទេសម្ព័ន្ធមិត្តដែលរួមគ្នាហៅថា OPEC+។
លោក Viktor Katona អ្នកវិភាគប្រចាំក្រុមហ៊ុន Kpler នៅទីក្រុងវីយែន បានប្រាប់ Bloombeg ថា៖ «ប្រទេសអារ៉ាប៊ីសាអ៊ូឌីតកំពុងកាត់បន្ថយយ៉ាងច្រើន ដោយនឹងធ្លាក់ចុះក្នុងរយៈពេលពីរខែជាប់គ្នា»។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានរិះគន់ទីក្រុងរីយ៉ាដ និងប្រទេសជាដៃគូរបស់ប្រទេសនេះកាលពីខែមុនដោយនិយាយថា ការកាត់បន្ថយការនាំចេញចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃនឹងបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចពិភពលោក និងជួយដល់ប្រទេសរុស្ស៊ីដែលជាសមាជិក OPEC+ ក្នុងសង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ តម្លៃប្រេងឆៅបានធ្លាក់ចុះប្រហែល ៤% ក្នុងសប្តាហ៍នេះខិតមកជិត ៩០ដុល្លារក្នុងមួយបារ៉ែល។
សារព័ត៌មាន Bloombergបានឱ្យដឹងទៀតថា រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Abdulaziz bin Salman បានការពារការកាត់បន្ថយការនាំចេញនេះកាលពីសប្តាហ៍មុននៅឯកិច្ចពិភាក្សាស្តីពីអាកាសធាតុ COP27 នៅក្នុងប្រទេសអេហ្ស៊ីប ដោយបញ្ជាក់ថា ការកាត់បន្ថយនេះត្រូវការជាចាំបាច់ដើម្បីប៉ះប៉ូវទៅនឹងភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ចខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា OPEC+ នឹងនៅតែ«ប្រុងប្រយ័ត្ន»។ អារ៉ាប៊ីសាអ៊ូឌីតបានព្យាយាមធ្វើជាគំរូគេនៅក្នុងអង្គការ OPEC+ ដោយអនុវត្តការកាត់បន្ថុយដែលការប្តេជ្ញារបស់ខ្លួនដើម្បីលើកទឹកចិត្តឱ្យសមាជិកផ្សេងទៀតធ្វើតាម៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN-VNA


ចែករំលែក៖