ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿន រួចជ្រុលចង្កូតទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឱ្យដួលស្លាប់ក្បែរបង្គោលភ្លេីងយ៉ាងអាណោចអាធ័ម រីឯម៉ូតូខ្ទាតចូលព្រៃជាប់ផ្លូវរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃអង្គារទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមមហាវិថីសម្ដេចតេជោ (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពបុរសរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកេីតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CL-1909 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកឆ្វេងដៃទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឱ្យអ្នកបើកម៉ូតូនោះបោកក្បាលស្លាប់ក្បែរបង្គោលភ្លេីងយ៉ាងអាណោចអាធ័ម ។ ដោយឡែកម៉ូតូបានខ្ទាតចេញពីជនរងគ្រោះប្រហែល២០ម៉ែត្រចូលក្នុងព្រៃរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យ និងសហការជាមួយសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុករង់ចាំប្រគល់ឲ្យសាច់ញាតិនាពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដេីម្បីស្រាវជ្រាវរកសាច់ញាតិបន្តយកសពទៅធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ