ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំ គីម ជុងអ៊ុន បង្ហាញខ្លួនជាមួយកូនស្រីជាលើកទីពីរ

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាលើកទី២ ជាមួយកូនស្រីរបស់លោកក្នុងជំនួបថតរូបរួមគ្នាជាមួយមន្ត្រីពាក់ព័ន្ធក្នុងការបាញ់បង្ហោះមីស៊ីលអន្តរទ្វីប ICBM ។
រូបថតនេះត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េកាលពីថ្ងៃទី២៧ ខែវិច្ឆិកា រូបថតរួមគ្នាជាមួយមន្ត្រីពាក់ព័ន្ធនឹងការបាញ់បង្ហោះមីស៊ីល អន្តរទ្វីប (ICBM) ក្នុងខែនេះ។
តាមសារព័ត៌មាន KCNA បានផ្សាយថា រូបថតនេះមានការចូលរួមដោយ “អ្នកប្រយុទ្ធមកពីក្រុមទង់ក្រហម មន្ត្រីអ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចេកទេសនៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រការពារជាតិ និងកម្មករនៃរោងចក្រផលិតអាវុធ គ្រាប់រំសេវ ដែលបានចូលរួមចំណែកយ៉ាងធំធេងចំពោះការធ្វើតេស្តមីសុីលHwasongpho-17 ដែលបានធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា។ ”
នេះជាលើកទីពីរហើយដែលមេដឹកនាំកូរ៉េខាងជើងបានបង្ហាញរូបថតជាមួយកូនស្រីរបស់លោក។ ការបង្ហាញជាលើកដំបូងនៅថ្ងៃទី១៨ខែវិច្ឆិកា ពេលនោះ មេដឹកនាំ គីម ជុងអ៊ុន និងកូនស្រីបានទៅត្រួតពិនិត្យការបាញ់បង្ហោះមីស៊ីលអន្តរទ្វីប Hwasong-17 នៅថ្ងៃទី១៨ខែវិច្ឆិកា ។
KCNA បាននិយាយថា មេដឹកនាំ គីម ជុងអ៊ុន បានបង្ហាញការរំពឹងទុក និងទំនុកចិត្តរបស់គាត់ចំពោះអ្នកវិទ្យាសាស្ត្រ អ្នកបច្ចេកទេសនិងកម្មករឧស្សាហកម្មអាវុធ និងគ្រាប់រំសេវរបស់ប្រទេសនេះ។ លោក គីម បានលើកកម្ពស់មន្ត្រី និងអ្នកវិទ្យាសាស្ត្រមួយចំនួនធំក្នុងការទទួលស្គាល់ការរួមចំណែករបស់ពួកគេក្នុងការអភិវឌ្ឍយន្តហោះ Hwasong-17 រួមទាំងលោក Jang Chang-ha នាយកបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ និងលោក Kim Jong-sik នៃការិយាល័យឧស្សាហកម្មគ្រាប់បែក នៃគណបក្សពលករកូរ៉េដោយបានដំឡើងឋានៈជាឧត្តមសេនីយ៍៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ YONHAP NEWS


ចែករំលែក៖