ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ៖ ព្រឹត្តិការណ៏អង្គរសង្រ្កាន្ត នឹងធ្វើឡើងវិញនៅឆ្នាំ២០២៣ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីថ្លែងសុន្ទរកថា បិទ​ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ​លើកទី១ នាល្ងាចថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២នេះ   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនប្រជាពលរដ្ឋថា កម្ពុជានឹងប្រារពព្រឹត្តិការណ៏អង្គរសង្រ្កាន្ត នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ក្នុងឆ្នាំ២០២៣ខាងមុខនេះឡើងវិញ។

នៅល្ងាច ថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ​ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ​ លើកទី១ នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ។

សូមជម្រាបថា ពិធីបើក​ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និង​កីឡាជនពិការជាតិលើកទី១ បានធ្វើឡើងកាលពីល្ងាច​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។ 

ការ​ប្រកួត​កីឡា​ជាតិលើក​ទី​៣ មាន​កីឡា៣៨​ប្រភេទ និង​​កីឡា​ប៉ា​រ៉ា​ហ្គេ​ម ឬកីឡាជនពិការជាតិ មាន៧ប្រភេទ​ ដោយមានកីឡាករកីឡាការិនីចូលរួម​ប្រកួតប្រជែង ​មក​ពីរាជធានី ខេត្ត និង​ក្រសួង​ចំនួន២៨។ ​ការ​ប្រកួត​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៩-៣០ ខែវិច្ឆិកា ឆ្នាំ​២០២២​។ ពិធីបិទព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជនពិការនាល្ងាចនេះ នឹងមានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើនទៀតផងដែរ។ 

គេហទំព័រ Facebookផ្លូវការ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ  តាំងពីម៉ោង 5:00ល្ងាច ពីពហុកីឡដ្ឋានជាតិមរតកតេជោ៕

ដោយ : សិលា


ចែករំលែក៖