ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ កម្ពុជា-វៀតណាម បានរៀបចំធ្វើពិធីប្រគល់-ទទួលអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ធ្វើមាតុភូមិនិវត្តន៍ពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា។ ពិធីនេះធ្វើឡើងនៅតំបន់ ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មអ៊ិច១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមេរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារបច្ចេកទេស និង លោក ឧត្តមសេនីយ៍ឯកបម្រុង ដូ កាន់ អនុប្រធានស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម តំណាងក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
បន្ទាប់ពីធ្វើពិធីប្រគល់ និងទទួលរួចកម្ពុជាបានធ្វើពិធីដង្ហែអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់ អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ទាំង ៤៩សព ពីទឹកដីវៀតណាមចូលមកតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ។
ថ្ងៃស្អែកពេលព្រឹកនេះ នឹងប្រារព្ធពិធីប្រទានភ្លើង បន្ទាប់មករើសអដ្ឋិធាតុដាក់ក្នុងកោដ្ឋតម្កល់ទុក នៅពេលមហាចេតិយសាងសង់រួច នឹងតម្កល់កោដ្ឋទាំងនោះនៅក្នុងមហាចេតិយ៕
ដោយ : សហការី