ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្ត​បាត់ដំបង​​ ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពិរុទ្ធ​ចំនួន​ ២នាក់​ ពាក់ព័ន្ធ​បទល្មើសពីរផ្សេងគ្នា​

ចែករំលែក៖

ខេត្ត​បាត់ដំបង ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ស្រុក​ចំនួន​ពីរ​ នៃស្នងការដ្ឋាននគរបាលខេត្ត​ បានចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពិរុទ្ធ​ចំនួន​ ២នាក់​ ពាក់ព័ន្ធ​បទល្មើសពីរផ្សេងគ្នា​។ 

  របាយការណ៍​ដដែល​បន្តថា​ ជាក់ស្ដែង​ករណី​ទី១,​ កម្លាំង​អធិការ​ស្រុក​រតន​មណ្ឌល​ ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពិរុទ្ធ​ម្នាក់​ ករណី​រំលោភ​លើ​ទំនុកចិត្ត​ កាលពី​ថ្ងៃ​ទី​០១​ ខែធ្នូ​ម្សិលមិញនេះ​​ នៅ​ចំណុច​ផ្សារ​ស្ដៅ​ស្ថិត​ក្នុងភូមិ​ស្ដៅ​ ឃុំ​ស្ដៅ​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ។​

​លោក​វរសេនីយ៍ឯក​ សន​ និល​ អធិការ​នគរបាល​ស្រុក​រតន​មណ្ឌល​ បាន​ដឹកនាំ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រតន​មណ្ឌល​ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ដៅ​ បាន​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​និង​ឃុំខ្លួន​លេខ​ ៦៧៤​ ចុះ​ថ្ងៃ​ទី​១៨​ ខែ​វិ​ឆ្ឆិ​កា​ ឆ្នាំ​២០២២​ របស់​លោក​ ហៃ​ ណៃ​ហេង​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង​ ចាប់ខ្លួន​ពិរុទ្ធជន​ម្នាក់​ ឈ្មោះ​ ផេង​ សុ​ផុ​ន​ ភេទ​ប្រុស​ អាយុ​ ៣៤​ឆ្នាំ​ រស់នៅ​ភូមិ​ស្ដៅ​ ឃុំ​ស្ដៅ​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ ប្រព្រឹត្ត​កាល​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០២១​។​ 

ករណី​ទី២,​ បានធ្វេីឡេីង​កាលពីថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០២​២​ នៅចំណុចក្រុមទី០៨ ភូមិប្រគាប​ ឃុំរូងជ្រៃ​ ស្រុកថ្មគោល ខេត្តបាត់ដំបង។ 

ប្រភពដដែលបន្តថា​ កម្លាំងជំនាញ​នៃអធិ​ការដ្ឋាននគរបាលស្រុកថ្មគោល​ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន​ និងឃុំខ្លួនលេ​ខ៦០៥តព្រ ចុះថ្ងៃទី១៤ខែ កក្កដា​ឆ្នាំ២០២០របស់លោក​ ជា វណ្ណះ​ អ​តី​តប្រធានក្រុមប្រឹក្សាជំនុំជម្រះសា​លា​ដំបូងខេត្តបា​ត់ដំ​បង ដោយបង្គាប់ឱ្យចាប់ខ្លួន​ឃុំខ្លួនឈ្មោះ ឈឿន វិឆៃ ភេទប្រុសអាយុ ២៩ឆ្នាំមានទីលំនៅក្រុមទី ០៨​ភូមិ ប្រគាប ឃុំ រូងជ្រៃស្រុកថ្មគោល ខេត្តបាត់​ដំ​បងជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅ​ចំ​ណុចឃុំរូងជ្រៃ ស្រុកថ្ម​គោល ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០​១៨​រហូ​ត​ដល់ខែមីនាឆ្នាំ២០១៩។ 

បច្ចុប្បន្ន​ករណី​ខាងលេីនេះ​ សមត្ថកិច្ចបាននឹងកំពុងរៀបចំកសាងសំ​ណុំរឿងបញ្ជូនពិរុទ្ធជនទាំងពីរនាក់មកការិយាល័យជំនាញចាត់ការបន្តតាមនីតីវិធី​ច្បាប់៕

ដោយ​៖ សហការី​


ចែករំលែក៖