ខេត្តបាត់ដំបង ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃសុក្រទី០២ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកចំនួនពីរ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធចំនួន ២នាក់ ពាក់ព័ន្ធបទល្មើសពីរផ្សេងគ្នា។
របាយការណ៍ដដែលបន្តថា ជាក់ស្ដែងករណីទី១, កម្លាំងអធិការស្រុករតនមណ្ឌល ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធម្នាក់ ករណីរំលោភលើទំនុកចិត្ត កាលពីថ្ងៃទី០១ ខែធ្នូម្សិលមិញនេះ នៅចំណុចផ្សារស្ដៅស្ថិតក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនលេខ ៦៧៤ ចុះថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២២ របស់លោក ហៃ ណៃហេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ចាប់ខ្លួនពិរុទ្ធជនម្នាក់ ឈ្មោះ ផេង សុផុន ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។
ករណីទី២, បានធ្វេីឡេីងកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្រុមទី០៨ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនលេខ៦០៥តព្រ ចុះថ្ងៃទី១៤ខែ កក្កដាឆ្នាំ២០២០របស់លោក ជា វណ្ណះ អតីតប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួនឃុំខ្លួនឈ្មោះ ឈឿន វិឆៃ ភេទប្រុសអាយុ ២៩ឆ្នាំមានទីលំនៅក្រុមទី ០៨ភូមិ ប្រគាប ឃុំ រូងជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបងជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០១៨រហូតដល់ខែមីនាឆ្នាំ២០១៩។
បច្ចុប្បន្នករណីខាងលេីនេះ សមត្ថកិច្ចបាននឹងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនពិរុទ្ធជនទាំងពីរនាក់មកការិយាល័យជំនាញចាត់ការបន្តតាមនីតីវិធីច្បាប់៕
ដោយ៖ សហការី