ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើងផ្ទុកសម្ភារយោធាបញ្ជូនទៅអ៊ុយក្រែនត្រូវបានរកឃើញនៅសាធារណរដ្ឋឆេក

ចែករំលែក៖

យោងតាមគេហទំព័រ Avia.pro ថ្មីៗនេះបានផ្សាយថា រថភ្លើងដ៏ធំសម្បើមមួយដែលមានសម្ភារយោធា សព្វាវុធ ត្រូវបានបញ្ជូនពីសាធារណរដ្ឋឆេកទៅកាន់អ៊ុយក្រែន។ នៅលើផ្លូវដែកគេអាចមើលឃើញរថភ្លើងដ៏ធំដែលមានរថពាសដែក សម្ភារយោធាពិសេសៗជាច្រើន។
យោងតាមវីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម យ៉ាងហោចណាស់មានឧបករណ៍យោធាចំនួន៤០គ្រឿងនៅលើរថភ្លើង – នេះគឺជាការដឹកជញ្ជូនអាវុធដ៏ធំបំផុតមួយទៅកាន់អ៊ុយក្រែនក្នុងរយៈពេលថ្មីៗនេះ។
យោងតាមអ្នកជំនាញបាននិយាយថា កា៍រណ៍ពិតដែលថាលោកខាងលិចកំពុងដឹកជញ្ជូនអាវុធយ៉ាងសកម្មទៅកាន់អ៊ុយក្រែន បង្ហាញថា ព័ត៌មានដែលផ្សព្វផ្សាយដោយលោកខាងលិចអំពីចេតនាកំណត់ការផ្គត់ផ្គង់អាវុធដល់ទីក្រុងគៀវគឺមិនអាចជឿទុកចិត្តបាន ប្រហែលជាដោយសារតែចេតនាបង្កការភ័ន្តច្រឡំ និងធ្វើព័ត៌មានមិនពិត។
គួរកត់សម្គាល់ថា ការផ្គត់ផ្គង់នាវាដឹកប្រេងដល់អ៊ុយក្រែន នេះអាចបង្ហាញថា យោធាអ៊ុយក្រែនគ្រោងនឹងប្រើប្រេងពីខាងក្រៅដើម្បីចាក់បញ្ចូលគ្រឿងចក្រយោធា។ ជាមួយគ្នានេះ គេនៅមិនទាន់ដឹងថា ប្រទេសណាបានបញ្ជូនសម្ភារយោធាទៅកាន់ប្រទេសអ៊ុយក្រែននោះទេ ព្រោះមិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយត្រូវបានធ្វើឡើងលើបញ្ហានេះនៅឡើយ។
កន្លងមក យោងតាមប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច អាវុធធុនធ្ងន់ជាច្រើនត្រូវបានបណ្តាប្រទេសលោកខាងលិចផ្ទេរទៅឱ្យកងទ័ពអ៊ុយក្រែននាពេលថ្មីៗនេះ។ នៅក្នុងការជូនដំណឹងមួយដែលត្រូវបានបង្ហោះនៅលើ Twitter រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី លោក Yaroslav Nad បាននិយាយថា យានប្រយុទ្ធថ្មើរជើង BMP-1 ចំនួន 30 គ្រឿងត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនដោយប្រទេសនេះ។
លោកខាងលិចបានបង្កើនការផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែនដើម្បីធ្វើសង្គ្រាមតទល់ជាមួយរុស្ស៊ី ហើយភាគច្រើននៃអាវុធដែលបញ្ជូនទៅនោះគឺ ប្រព័ន្ធមីស៊ីលការពារដែនអាកាស ។ ប៉ុន្តែ រុស្ស៊ីក៏បានប្រើយុទ្ធសាស្ត្របាញ់មីស៊ីលដែលមានតែសំបកដើម្បីបំផ្លាញប្រព័ន្ធការពាររបស់អ៊ុយក្រែនដែរ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ infonet


ចែករំលែក៖