ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ជះទឹកអាសុីតដាក់ប្តី បណ្តាលឱ្យរលាកពេញខ្លួន ដោយសារតែភ្លើងប្រចណ្ឌ គេចពីភ្នំពេញ មកជាប់ទ្រុងនៅរតនគិរី

ចែករំលែក៖

ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រី ជាភរិយាម្នាក់បានប្រើទឹកអាស៊ីតជះដាក់ប្តី បណ្តាលឲ្យរលាកពេញខ្លួនដោយសារតែភ្លើងប្រចណ្ឌហើយរត់គេច ខ្លួនចេញពីផ្ទះនៅរាជធានីភ្នំពេញ តែស្ត្រីរូបនេះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសហការតាមចាប់ខ្លួនស្ត្រីរូបនេះដល់ក្រុងបានលុង ខេត្តរតនគិរី និងបានបញ្ជូនមកភ្នំពេញវិញនៅថ្ងៃទី២ខែធ្នូឆ្នាំ២០២២ដើម្បីអនុវត្តទោសទៅនឹងបទល្មើសដែលស្ត្រីរូបនោះបានប្រព្រឹត្ត។

សមត្ថកិច្ចនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌខេត្ត រតនគិរី សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនគរបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមានឈ្មោះ ញ៉ ហន ភេទស្រី អាយុ៣៧ឆ្នាំ នៅចំណុចផ្ទះម៉ាស្សាមួយកន្លែងស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយហេតុថា ស្ត្រីម្នាក់នេះជាប់ពាក់ព័ន្ធទៅលើករណីប្រើអំពើហិង្សា ដោយជះទឹកអាស៊ីតដាក់ប្តីរបស់ខ្លួន បណ្តាលឲ្យរងរបួសរលាកពេញខ្លួន។ 

បន្ទាប់ពីចាប់ខ្លួន ស្ត្រីរូបនោះត្រូវបានសមត្ថកិច្ចសហការប្រគល់ខ្លួនឲ្យទៅនគរបាលខណ្ឌព្រែកព្នៅនិងនាំមកកាន់រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់តាមផ្លូវច្បាប់។

ជនសង្ស័យនេះ បានប្រើប្រាស់ទឹកអាស៊ីតជះដាក់ប្តី ដែលប្រព្រឹត្តកាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចស្ពានលីយ៉ុងផាត់ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អាចបណ្តាលមកពីភ្លើងប្រចណ្ឌ។  

ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅ រៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ពាក់ព័ន្ធប្រើទឹកអាស៊ីតជះដាក់ប្តី ៕

ដោយ៖ សូរិយា


ចែករំលែក៖