ភ្នំពេញ ៖ បើយោងតាមសារលិខិតដែល អង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ទទួលបាន នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសារលិខិតដាក់ឲ្យដំណើរការកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។
ឆ្លើយតបនឹងស្ថានភាពអូសបន្លាយនៃវិបត្តិកើតចេញពីសម្ពាធអតិផរណា ក៏ដូចជាដើម្បីផ្តល់នូវ អន្តរាគមន៍ជំនួយសង្គមដល់គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស, រាជរដ្ឋាភិបាលនឹងបន្តអនុវត្ត យន្តការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ ជាបន្តទៀត។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់ ប្រជាពលរដ្ឋដែលមានជីវភាពលំបាក និងមានសមាជិកគ្រួសារមានភាពងាយរងគ្រោះ ១ ក្នុងចំណោម ៥ ដូចតទៅ៖ ជនមានពិការភាព, កុមារអាយុក្រោម ២ ឆ្នាំ, ជនចាស់ជរាមានអាយុចាប់ពី ៦០ ឆ្នាំឡើង, ស្ត្រី ជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី, គ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី ១៩-៥៩ ឆ្នាំ) ទាក់ទងទៅកាន់ឃុំ សង្កាត់ដែលបងប្អូនរស់នៅ ដើម្បី ទទួលបានការកំណត់អត្តសញ្ញាណ និងប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលនៃវិបត្តិនេះ ឱ្យបាន ទាន់ពេល។
ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋងាយរងហានិភ័យ ក៏ដូចជាគ្រួសារក្រីក្រដែលកំពុងជួបការលំបាក ពិតប្រាកដដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ គ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងសម្ពាធអតិផរណា, ខ្ញុំសូមចេញ បញ្ហាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការកំណត់ អត្តសញ្ញាណ ក៏ដូចជាសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋគោលដៅ ឱ្យទទួលបានប្រាក់ឧបត្ថម្ភទាន់ពេល ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវយុត្តិធម៌ សមធម៌ សុចរិតភាព និងតម្លាភាព តាមការកំណត់ របស់រាជរដ្ឋាភិបាល។
សម្រាប់ព័ត៌មានបន្ថែមអំពីការទទួលបានប្រាក់ឧបត្ថម្ភ សូមទាក់ទងអាជ្ញាធរឃុំ សង្កាត់ដែលនៅជិត ផ្ទះបងប្អូន ឬមូលនិធិជាតិជំនួយសង្គម តាមរយៈទូរសព្ទលេខ ០១៥ ២១៩ ៨៨៨ ឬ ០៩២ ២១៩ ៨៨៨ ៕
ដោយ : សុខ ខេមរា