ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃសៅរ៍ទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមោង បានចុះប្រតិបត្តិការបង្រ្កាប ករណីរក្សាទុកចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមនឹងវត្ថុតាងជាក់ស្តែង។
ប្រភពដដែលបន្តថា កម្លាំងជំនាញស្រុក បានឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនពីរនាក់ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្រុមទី០៤ ភូមិប្រឡាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ២នាក់។
ជនសង្ស័យទាំង២នាក់រួមាន ៖ ១.ឈ្មោះ សរ សិទ្ធ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ២.ឈ្មោះ ម៉ុន ធារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន ៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៩ថង់ ទម្ងន់ ៤,៨៩ក្រាម សង្ស័យមានសារធាតុញៀន , -បំពងជក់ចំនួន ០១, -ទូរស័ព្ទដៃចំនួន ០១គ្រឿង, -លុយចំនួន ២៤៥១០០៛ (ម្ភៃបួនម៉ឺនប្រាំពាន់មួយរយរៀល), -កាបូបលុយចំនួន ០១, -ម៉ូតូចំនួន ០១គ្រឿង។
ករណីនេះ ជនសង្ស័យរួមនឹងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី-ច្បាប់៕
ដោយ៖អារុណរះ