ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជាបចេញអនុក្រឹត្យ ស្តីពី ការបង្កើតមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន សម្រេច:

មាត្រា១.-ត្រូវបានបង្កើត “មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ (សរសេរជាអក្សរកាត់ “ម.ក.គ.ម- ២០២៥” សម្រាប់គ្រប់គ្រងថវិកាក្នុងការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងរំដោះផ្ទៃដីសង្ស័យ មានមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីចូលរួមគាំទ្រគោលដៅកម្ពុជាអស់មីនឆ្នាំ២០២៥។

មាត្រា២.-ម.ក.គ.ម មានប្រភពធនធានពី៖

-វិភាគទានដំបូងពីថវិការដ្ឋចំនួន ១២៣ ១៨០ លានរៀល សមមូលនឹងប្រមាណ ៣០(សាមសិប) លានដុល្លារអាម៉េរិក

-វិភាគទានថវិការដ្ឋសម្រាប់ឆ្នាំ២០២៣, ២០២៤ និង ២០២៥ តាមការចាំបាច់ជាក់ស្ដែង និង

– វិភាគទានពីប្រភពស្របច្បាប់ផ្សេងទៀត។

មាត្រា៣.-វិភាគទានពីថវិការដ្ឋ ត្រូវកត់ត្រានៅក្នុងកញ្ចប់ថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទទួលខុសត្រូវក្នុងការគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែង “ម.ក. គម-២០២៥” ដោយមានអគ្គនាយកដ្ឋានថវិកាជាលេខាធិការដ្ឋាន។

មាត្រា៤.-ធនធានហិរញ្ញវត្ថុរបស់ មកគ.ម-២០២៥ ត្រូវរក្សាទុកក្នុងគណនីប្រាក់បញ្ញើនៅរតនាគារជាតិ ឬ គណនីនៅធនាគារជាតិនៃកម្ពុជា។ ម.កគ.ម-២០២៥ អាចមានគណនីនៅធនាគារពាណិជ្ជ ដើម្បីប្រើប្រាស់ តាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា៥.-អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ត្រូវរៀបចំផែនការ សកម្មភាពការងារ ដែលត្រូវប្រើប្រាស់ប្រភពមូលនិធិ ម.ក.គ.ម-២០២៥ ដោយមានបញ្ជាក់ពីទីតាំង ទំហំ ផ្ទៃដីដែលត្រូវបោសសម្អាត និងប្រតិទិនការងារ ព្រមទាំងរបាយការណ៍សមិទ្ធកម្មនៃការអនុវត្តសកម្មភាពការងារ។ ផែនការសកម្មភាពនេះ ជាកម្មវត្ថុនៃការសម្រេចរបស់នាយករដ្ឋមន្ត្រីតាមសំណើរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រង សកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។

បន្ទាប់ពីទទួលបានការអនុម័តពីនាយករដ្ឋមន្ត្រី អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន ត្រូវរៀបចំគម្រោងស្នើសុំថវិកាទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងផ្តល់ជូនតាមការជាក់ស្តែង។

មាត្រា៦.-រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចចេញប្រកាសស្ដីពីនីតិវិធីអនុវត្តថវិកាលម្អិតបន្ថែមតាមការ ចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តថវិកា មក.គ.ម-២០២៥។

មាត្រា៧.-បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា៨- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ៕

ដោយ : សុខ ខេមរា


ចែករំលែក៖