ខេត្តត្បូងឃ្មុំ ៖ យ៉ាងហោចណាស់ក៏មាន មនុស្សប្រុសស្រី ក្មេងចាស់ ចំនួន៤នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ បុកគ្នា រវាងម៉ូតូ និងរថយន្ត នៅស្រុកអូររាំងឪ ។
សូមបញ្ជាក់ថា, នៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃអាទិត្យទី៤ ខែធ្នូ ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១១ ចន្លោះគីឡូម៉ែតលេខ៧៦-៧៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចភូមិ៥៤ ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រវាងម៉ូតូនិងរថយន្ត បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ ក្នុងនោះមានស្រី២នាក់ និង របួសធ្ងន់ កុមារី១នាក់។
តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា, ជនរងគ្រោះក្នុងហេតុការណ៍នេះរួមមាន :
ទី១- ឈ្មោះ រឿន រីន ភេទប្រុស អាយុ៣៨ ឆ្នាំ ជា(ប្តី) ជនជាតិខ្មែរ (ស្លាប់ភ្លាមៗ ពាក់មួកសុវត្ថិភាព)
ទី២- ឈ្មោះ គិន សុីនូ អាយុ៣៦ ឆ្នាំ ជា(ប្រពន្ធ) ជនជាតិខ្មែរ រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(ស្លាប់ភ្លាមៗ ពាក់មួកសុវត្ថិភាព)
ទី៣-កូនឈ្មោះ រឿន សុីណេត ភេទស្រី អាយុ១០ ឆ្នាំ(ស្លាប់ភ្លាមៗ អត់ពាក់មួកសុវត្ថិភាព)
ទី៤-កូនឈ្មោះ រឿន លីហេង ភេទប្រុស អាយុ ៦ឆ្នាំ(ស្លាប់ភ្លាមៗ អត់ពាក់មួកសុវត្ថិភាព)
ទី៥-កូនឈ្មោះ រឿន សុខណៃ ភេទស្រី អាយុ២ ឆ្នាំ (របួសធ្ងន់) ។
សមត្ថកិច្ចបានបន្តថា, ក្នុង១គ្រួសារទាំង៥ នាក់រស់នៅភូមិមេលោង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យបងប្អូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯ កុមារី អាយុ២ ឆ្នាំ បានជួយយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ៕
ដោយ៖ សហការី