សភារបស់ប្រទេសឥណ្ឌូណេស៊ីទើបតែបានអនុម័តច្បាប់ព្រហ្មទណ្ឌថ្មី ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់មួយឆ្នាំសម្រាប់អ្នកដែលរួមភេទក្រៅអាពាហ៍ពិពាហ៍ និងហាមប្រាមអំពើដែលធ្វើឱ្យប៉ះពាល់ដល់រដ្ឋ ឬថ្នាក់ដឹកនាំ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃទី៦ខែធ្នូ សភារបស់ប្រទេសឥណ្ឌូណេស៊ីបានអនុម័តច្បាប់ព្រហ្មទណ្ឌដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១ឆ្នាំសម្រាប់អ្នកដែលរួមភេទក្រៅអាពាហ៍ពិពាហ៍ ដោយហាមប្រាមនូវទង្វើជាច្រើនទៀតដែលទាក់ទងនឹងការប្រមាថរដ្ឋ ឬថ្នាក់ដឹកនាំ ។
នៅក្រោមច្បាប់ថ្មី អំពើផិតក្បត់ ការរួមរស់ជាមួយគ្នាដោយមិនបានរៀបការ ការប្រមាថប្រធានាធិបតី ឬទីភ្នាក់ងាររដ្ឋ ការបង្ហាញទស្សនៈប្រឆាំងនឹងមនោគមន៍វិជ្ជារបស់រដ្ឋត្រូវបានហាមឃាត់។ ច្បាប់នេះនឹងអនុវត្តចំពោះទាំងជនជាតិឥណ្ឌូណេស៊ី និងជនបរទេសដែលរស់នៅក្នុងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់នេះនឹងមិនអនុវត្តភ្លាមៗនោះទេ វាត្រូវចំណាយពេល៣ឆ្នាំដើម្បីរៀបចំសារាចរណែនាំ។
សមាជិកសភាឥណ្ឌូណេស៊ីបានស្វាគមន៍ចំពោះការអនុម័តក្រមព្រហ្មទណ្ឌដែលបានកែប្រែនេះ ដោយនិយាយថា ក្រមចាស់គឺជាកេរដំណែលពីសម័យអាណានិគមរបស់ប្រទេសហុល្លង់ ដូច្នេះវាលែងពាក់ព័ន្ធទៀតហើយ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសិទ្ធិមនុស្សឥណ្ឌូណេស៊ី លោក Yasonna Laoly បានសាទរចំពោះច្បាប់ថ្មីនេះថាជា “ជំហានប្រវត្តិសាស្ត្រ”។
“វាមិនដែលយឺតពេលទេសម្រាប់ពួកយើងក្នុងការបង្កើតច្បាប់ផ្ទាល់ខ្លួន។ ក្រមព្រហ្មទណ្ឌគឺជាការឆ្លុះបញ្ចាំងពីអរិយធម៌របស់ប្រទេសមួយ»។
យោងតាម Reuters ឥណ្ឌូណេស៊ីជាប្រទេសដែលមានប្រជាជនមូស្លីមច្រើនជាងគេលើពិភពលោក ដូច្នេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសនេះមានទំនោរក្នុងការបង្កើនសំណើដើម្បីអនុម័តច្បាប់ទាក់ទងនឹងសីលធម៌សាសនា៕ ដោយ៖ ធីរីណា
រូបថត៖ AP