ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលសេដ្ឋកិច្ចខេត្តតាកែវចាប់​រថយន្ត​ដឹកឈើ​អុស​ដើម​អាកា​ស្យា​ចំនួន​២​គ្រឿង

ចែករំលែក៖

ខេត្តតាកែវ ៖ ហាក់ដូចជាមានការប្រទាំងប្រទើសគ្នានៅក្នុងចំណោមមន្ត្រីអនុវត្តច្បាប់ខេត្តតាកែវក្នុងករណីចាប់រថយន្តដឹកអុសដើមអាកាស្យាចំនួន២គ្រឿងដែលគេសង្ស័យថា មានការឃុបឃិតពីសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើរីឯនគរបាលសេដ្ឋកិច្ចនៅស្នងការខេត្ត តាកែវមិនបានផលប្រយោជន៍ក៏ឃាត់ចាប់ទាំងយប់តែម្ដង។ ហេតុការណ៍ចាប់រថយន្តយីឌុបដឹកអុសដើមអាកាស្យានេះបានកើតឡើងនៅវេលាម៉ោង២និង៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ខែធ្នូឆ្នាំ២០២២។

ឈើ​អុស​ដើម​អាកា​ស្យា​ចំនួន២រថយន្តយី​ឌុ​ប ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ឃាត់​បាន ខណៈ​ពេល​ដែល​រថយន្ត​ទាំង​២​គ្រឿង​នោះ បាន​ដឹកអុស​អាកា​ស្យា​នេះ​មិន​បានដឹង​ច្បាស់លាស់​ថា ដឹក​ចេញ​មកពីណា​ច្បាស់លាស់ និង​ដឹក​យក​ទៅ​ណា​ឱ្យបាន​ច្បាស់ លាស់​នោះ​ទេ​។

រថយន្តដឹកអុសទាំងពីរគ្រឿងត្រូវបានចាប់នៅ​ចំណុច​មុខមន្ទីរ​កិច្ចការ​នារី​ខេត្ត ស្ថិត​ក្នុង​សង្កាត់​រកា ក្រុង​ដូន​កែវ ខេត្តតាកែវ​។

លោក​វរសេនីយ៍ត្រី ព្រឿ​ង ណា​វី នាយ​រង​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត បានឱ្យ​ដឹង​ថា រថយន្ត​ដឹកអុស​ទាំង​២​គ្រឿង​នេះ មាន១​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ ៣B 8049 និង​១​គ្រឿង​ទៀត ពាក់​ស្លាក​លេខ ភ្នំពេញ 3D 1990 ។

លោកនាយ​រង​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត បាន​បន្ត​ទៀត​ថា ចំពោះ​ការ​ឃាត់​នេះ គឺ​ដោយ​សារ​តែ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោឈាង ផា​ន់​ណា​រ៉ា ស្នង ការ​នគរបាល​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​នោះ ទើប​កម្លាំង​របស់​លោក​ឃាត់​ទុក ដើម្បី​សួរនាំ​រក​លិខិត​ស្នាម​ឱ្យ​បាន​ត្រឹមត្រូវ តែ​នៅ​ពេល​យើង​ត្រួតពិនិត្យ គឺ​មិន​មាន​លិខិត​ស្នាម​អ្វី​ទាំងអស់​។

បើ​តាមនគរបាល​សេដ្ឋកិច្ច​ខេត្តបញ្ជាក់​ថា ចំពោះ​រថយន្ត​ដឹកឈើ​អាកា​ស្យា​ទាំង​២​គ្រឿង​នេះ គឺ​បាន​ដឹក​ដោយ​មានការ​លាក់លៀម មិន​មាន​គោលដៅ​ច្បាស់លាស់​ថា តើ​ដឹក​ចេញ​មកពីណា​ទៅ​ចំណុច​ណា​ឡើយ? ហើយ​ច្រើន​ជើង​ណាស់​មក​ហើយ គឺ​ពួក​ឈ្មួញ គ្រាន់តែ​ត្រូវ​គ្នា​ជាមួយនឹង​រដ្ឋបាល​ព្រៃ​ឈើ​តែ​ប៉ុណ្ណោះ គឺ​ចប់​។

បើ​តាមអ្នកបើកបរ​រថយន្ត​ដឹកអុស​អាកា​ស្យា បានឱ្យដឹង​ថា រថយន្ត​ទាំង​២​គ្រឿង​នេះ​បាន​ដឹក​មក​ពីស្រុកស្រែអំបិល​ខេត្តកោះកុង​។

មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មេ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត បាន​ឡើយ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២២​នេះ​៕

ដោយ៖ សូរិយា


ចែករំលែក៖