ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាកូម៉ាបុកឡំប្រឺតាត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យរងរបួសធ្ងន់៤នាក់

ចែករំលែក៖

ភ្នំពេញ​៖​ មនុស្សប្រុសស្រីចំនួន៤នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីធ្វេីដំណេីរតាមឡំប្រឺតាមួយគ្រឿងត្រូវរថយន្តតាកូម៉ាបេីកបុកពេញទំហឹងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០២២​ នៅចំណុចស្តុបទួលស្វាយព្រៃ​ តាមបណ្តោយផ្លូវលេខ១៩៩កែងផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញឡំប្រឺតាមួយគ្រឿងបេីកបរដោយបុរសម្នាក់ដឹកភ្ញៀវប្រុសម្នាក់ស្រី២នាក់​ ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុង​ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកតាកូម៉ា​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AO 6151 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៩៩​ ក្នុងទិសដៅពីលិចទៅកេីតលឿនជ្រុលបុកឡំប្រឺតាពីចំហៀងផ្នែកខាងមុខពេញទំហឹងបណ្តាលឱ្យអ្នកជិះក្នុងឡំប្រឺតារងរបួសធ្ងន់៤នាក់ចំណែករថយន្តនិងឡំប្រឺតារងការខូចខាតយ៉ាងដំណំ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងឡំប្រឺតាត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖