ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិន បានជិះម៉ូតូម៉ាក Fino មួយគ្រឿងក្នុងល្បឿនលឿន រួចជ្រុលទៅបុករះរថយន្តToyota Prius ចំនួនពីរគ្រឿងបណ្ដាលឱ្យម៉ូតូគាបជាប់និងរថយន្តរងការខូចខាតយ៉ាងដំណំ និងរបួសបែកមុខមាត់ហូរឈាមពេញខ្លួន ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅក្បែរស្តុបចំការមន តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមសម្ដីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា មុនកេីតហេតុមានរថយន្តម៉ាក Toyota Prius ចំនួនពីរគ្រឿង ដោយមួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-4593 បានឈប់លេីខឿនផ្លូវព្រះនរោត្ដម មួយចំហៀងរថយន្ត និងមួយគ្រឿងទៀត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BN-0615 បានឈប់លេីចំណីផ្លូវនៅខាងក្រោយរថយន្ត Prius ពណ៌ខ្មៅ ។ បន្ទាប់មកស្រាប់តែមានបុរសម្នាក់ជាជនជាតិចិន បានជិះម៉ូតូមួយគ្រឿងម៉ាក Yamaha Fino ពណ៌ស លាយផ្កាឈូក ពាក់ផ្លាកលេខ រតនគីរី 1B-0099 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន និងដៃកាន់ទូរស័ព្ទផង មិនប្រយ័ត្នបានជ្រុលទៅបុករថយន្ត Prius ពណ៌ស ពីក្រោយខាងស្ដាំបញ្ឆិត ខ្ទាតទៅបុករថយន្តPrius ពណ៌ខ្មៅមួយគ្រឿងទៀតនៅខាងមុខ ចំពីក្រោយពេញទំហឹង បណ្ដាលឱ្យម៉ូតូគាបជាប់និងរថយន្តរងការខូចខាតយ៉ាងដំណំ រីឯជនជាតិចិនម្នាក់ដែលជាអ្នកជិះម៉ូតូបានរងរបួសបែកមុខមាត់ហូរឈាមពេញមុខ តែមិនរបួសធ្ងន់ធ្ងរឡេីយ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រីឯបុរសជាជនជាតិចិនជិះម៉ូតូបង្កបានឡេីងឡំប្រឺតាមួយគ្រឿងទៅលាងរបួសបាត់ តែបានទុកមិត្តភក្តិម្នាក់ឱ្យនៅជួយដោះស្រាយ ។ ចុងក្រោយ ភាគីខាងម៉ូតូជិះដោយបុរសម្នាក់ជនជាតិចិន បានព្រមសងថ្លៃខូចខាតទៅលេីរថយន្តទាំងពីរគ្រឿងដេីម្បីបញ្ចប់រឿង ៕
ដោយ ៖ ភារ៉ា ដង្កោ