ព័ត៌មានទាន់ហេតុការណ៍៖

យុវតី ភាព ស្រីណាក់​ ទោះរស់នៅជាមួយ​លោកយាយ​ មុខរបរលាងចាន​ តាមរោងការ រោងបុណ្យ​ ខ្លួនស៊ីឈ្នួលលាងម៉ូតូ តែជាសិស្សពូកែ ជាប់បាក់ឌុប និទ្ទេស A

ចែករំលែក៖

ភ្នំពេញ ៖ ទោះផ្ទះខ្ទមជាជម្រក បាំងប្រក់ដោយស័ង្កសី រស់នៅដាច់ស្រយាល ពីគេក្នុងជីវភាព ក្រខ្សត់ លំបាក ជាមួយជីដូន ប្រើកម្លាំងពលកម្ម ហត់នឿយយ៉ាងណាក៏ដោយ ក៏យុវតី ភាព ស្រីណាក់​ បានតស៊ូ រៀនសូត្រ ក្រេបយកចំណេះដឹង ឈានដល់សម្រេចគោលដៅ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២១-២០២២ បានលទ្ធផល សិស្សពូកែ និទ្ទេស A គួរអោយស្ញប់ស្ញែង ពីការខិតខំប្រឹងប្រែងរបស់ យុវតីដ៏កម្សត់រូបនេះ ។ 

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ដែលបានដឹកនាំក្រុមការងារចុះទៅដល់ផ្ទះយុវតីផ្ទាល់ បានមានប្រសាសន៍ថា, ក្មួយស្រី​ ភាព ស្រីណាក់​ រស់នៅជាមួយ​លោកយាយ​ មុខរបរលាងចាន​ តាមរោងការ រោងបុណ្យ​  ក្មួយរៀនផង​ សុីឈ្នួលលាងម៉ូតូផង​ ផ្សំចំណូលគ្រួសារជាមួយលោកយាយ​ តែក្មួយរៀនពូកែណាស់​ ប្រឡងបាននិទ្ទេស​ A​ ។ 

លោកអភិបាល បានបញ្ជាក់ថា, ក្មួយចង់ធ្វេីគ្រូបង្រៀន​ សូមអោយអនាគតក្មួយទទួលបានជោគជ័យ​ នៅ វាលរេញ ។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហោះសារលើ facebook  ផ្លូវការថា, ខ្ញុំសូមអបអរសាទរ យុវតី ភាព ស្រីណាក់ មកពីវិទ្យាល័យ ហ៊ុន សែន វាលរេញ នៃខេត្តព្រះសីហនុ បានទទួលចំណាត់ថ្នាក់និទ្ទេស A លំដាប់ពិន្ទុ ៩៩.២២៧ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២។

សូមប្អូនទទួលបានជោគជ័យក្នុងការបន្តការសិក្សា និងជីវិត។

#សសយក #ក្រុមការងាររាជរដ្ឋាភិបាល #ក្រុមការងារគណបក្សប្រជាជន ៕

ដោយ ៖ សិលា


ចែករំលែក៖