ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើង៣៤នាក់ និងជើងហោះហើរជាច្រើនត្រូវលុបចោលដោយព្យុះព្រិលនៅអាមេរិក

ចែករំលែក៖

ព្យុះព្រិល រដូវរងា Elliott សីតុណ្ហភាពធ្លាក់ចុះខ្លាំង គ្របដណ្តប់យ៉ាងក្រាស់បណ្តាលឱ្យមានអ្នកស្លាប់កើនឡើងដល់៣៤នាក់ហើយ ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋអាមេរិក ក្នុងឱកាសបុណ្យណូអែលនិងឆ្លងឆ្នាំសកល។
ព្យុះព្រិលគ្របដណ្តប់នៅតំបន់ភាគខាងជើងអាមេរិកបណ្តាលឱ្យមនុស្សរាប់ពាន់នាក់រស់នៅក្នុងស្ថានភាពគ្មានអគ្គិសនីប្រើប្រាស់ និងជាប់គាំងនៅក្នុងផ្ទះមិនអាចចេញទៅណាបានឡើយ។ តាមសារព័ត៌មាន Independent បានផ្សាយថា តំបន់មួយចំនួនមានសីតុណ្ហភាពធ្លាក់ចុះ ដល់ទៅ-៤០អង្សាសេ ។ ចំណែកព្យុះព្រិលគ្របដណ្តប់ចាប់ពីទន្លេ Rio Grande រហូតដល់ព្រំដែនម៉ិចស៊ីកូ។
គិតត្រឹមថ្ងៃទី២៥ខែធ្នូប្រជាជនអាមេរិកប្រហែល១៥០,០០០នាក់ នៅបន្តគ្មានថាមពលអគ្គិសនីប្រើប្រាស់ ដែលថយចុះពីខ្ទង់លាននាក់ កាលពីថ្ងៃសៅរ៍។ ព្យុះព្រិលដ៏ធ្ងន់ធ្ងរនេះ ក៏បានបង្ខំឱ្យជើងហោះហើរអាមេរិកជាង ២,៤០០ជើង ត្រូវលុបចោលទៀតផង បន្ថែមពីលើជើងហោះហើរប្រមាណ៣,៥០០ជើង ដែលលុបចោលកាលពីថ្ងៃសៅរ៍ និងជិត៦,០០០ជើងកាលពីថ្ងៃសុក្រ។
អ្នកធ្វើដំណើរនៅតែបន្តជាប់គាំងនិងរងការពន្យារពេលតាមអាកាសយានដ្ឋាន ពេញមួយថ្ងៃអាទិត្យ ដែលត្រូវជាថ្ងៃបុណ្យគ្រីស្មាស់ផងដែរ រួមមានដូចជាទីក្រុងអាត្លង់តា (Atlanta), Chicago, Denver, Detroit និង ញូវយ៉ក ខណៈដែលព្រលានយន្តហោះនៅទីក្រុង Buffalo បន្តផ្អាកប្រតិបត្តិការដដែល៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AP


ចែករំលែក៖