ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមដោយក្បាលជិតដាច់ពីខ្លួនគួរឱ្យអាណោចអាធ័ម បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅពិនិត្យនៅវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្នុងឃ្លាំងទុកចោលធ្វើអំពីថ្មប្រក់ស័ង្កសី តាមផ្លូវព្រៃស ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សាកសពបុរសរងគ្រោះខាងលេីគេពុំស្គាល់អត្តសញ្ញាណ និងទីលំនៅនោះទេ ដោយមានអាយុប្រហែលជាង៣០ឆ្នាំ ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ស្លៀកខោជើងខ្លីពណ៌ខ្មៅ មាឌធំល្មម សម្បុរស្រអែម សក់ក្បាលកាត់ខ្លីពណ៌ទង់ដែង ដុះពុកមាត់ និងពុកចង្កាពណ៌ខ្មៅ កម្ពស់១,៧៣ម មានស្នាមចាក់សាក់នៅលើដើមទ្រូងខាងឆ្វេងជាអក្សរអង់គ្លេស និង មានស្នាមចាក់សាក់រូបនៅដៃទាំងសងខាង និងកំភួនជើងឆ្វេង ។
សមត្ថកិច្ចបានឱ្យដឹងថា វត្ថុតាងចាប់យកនៅកន្លែងកេីតហេតុរួមមាន ៖ ដាវ១ដើមប្រវែង៦៩ស,ម ទទឹង៤ស.ម , ស្បែកជើងស៊កស្បែក១គូ, មួកសុវត្ថិភាពចំនួន២ ។
ដោយឡែកស្លាកស្នាមនៅលើខ្លួនសាកសពមាន ៖
-ស្នាមរបួសដាច់រយៈនៅក ដាច់ឆ្អឹងកងក, ដាច់បំពង់ខ្យល់ បំពង់អាហារ និងសរសៃឈាម ។
-ស្នាមរបួសដាច់រយះនៅឆ្អឹងដងកាំបិតខាងស្តាំ។
-ស្នាមរបួសដាច់រយះនៅកំភួនដៃស្តាំ។
-ស្នាមរបួសដាច់រយះនៅកំភួនជើងស្តាំ។
សមត្ថកិច្ចបានបញ្ចាក់ថា ៖ យោងតាមការបំភ្លឺពីឈ្មោះ សុខ ជា ភេទប្រុស អាយុ២៥ឆ្នាំ បានឱ្យដឹងថា: នៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ រូបគាត់បានជិះម៉ូតូតាមបណ្តោយផ្លូវព្រៃស ហើយបានឆ្លងកាត់ឃ្លាំងទុកចោល១កន្លែង ឃើញមានមនុស្សចោមរោមមើលអ្វីមួយទើបខ្ញុំបានចូលទៅមើលឃើញមានមនុស្សប្រុសម្នាក់ស្លាប់ផ្ងារនៅមុខឃ្លាំងក្នុងថ្លុកឈាម ខ្ញុំក៏បានផ្តល់ព័ត៌មានទៅសមត្ថកិច្ចតែម្តង ។
បេីតាមសន្និដ្ឋាន និងការធ្វើកោសល្យវិច័យរបស់ការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ជនរងគ្រោះស្លាប់ដោយសារកាប់ដាច់ក (ឃាតកម្ម កាប់សម្លាប់)។
បច្ចុប្បន្ននេះ សាកសពត្រូវបានប្រគល់ឱ្យទៅសមត្ថកិច្ចមូលដ្ឋានចាត់ចែងបន្ត ៕
ដោយ ៖ ភារ៉ា ដង្កោ