ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
នាឱកាសនោះ លោក អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេប ជូនសម្តេចក្រឡាហោម ស ខេង និងអង្គពិធីជ្រាបអំពីសមទ្ធិផល និងវឌ្ឍនភាពរបស់ក្រុមប្រឹក្សានីតិកម្មក្នុងរយៈពេល៤ឆ្នាំកន្លងមក ដោយ លោកមានប្រសាសន៍លើកឡើងថា ចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ក្រុមប្រឹក្សានីតិកម្ម បានអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយ បានរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្ថិតនៅក្រោមក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នដទៃទៀត ដោយសម្រេចបានច្បាប់ចំនួន៩ ច្បាប់ស្តីពីវិសោធនកម្ម ចំនួន២ ព្រះរាជក្រឹត្យចំនួន២ អនុក្រឹត្យចំនួន៩ និងប្រកាសចំនួន៩។
ជាមួយគ្នានោះដែរ លោក ហ៊ន យុវនា ប្រធានក្រុមប្រឹក្សានីតិកម្ម បានសម្តែងនូវគារវកិច្ចប្រកបដោយការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងការផ្តល់សេចក្តីទុកចិត្ត និងឱកាសដ៏ថ្លៃថ្លាក្នុងការរួមចំណែកបំពេញបេសកកម្ម និងតួនាទី ភារកិច្ចនេះ។ ក្នុងនោះ លោក បានធ្វើការបេ្តជ្ញាចិត្តគោរព និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានារបស់រដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ប្រកដោយវិជ្ជាជីវៈតម្លាភាព និងគណនេយ្យភាពក្រោមការគាំទ្រ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម និងថ្នាក់ដឹកនាំដទៃទៀត។
ជាចុងបញ្ចប់សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍សម្តែងនូវការអបអរសាទរដល់ លោកអនុរដ្ឋលេខាធិការទទួលបន្ទុក ប្រធានក្រុមប្រឹក្សានីតិកម្ម ប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សានីតិកម្ម ដែលទើបតែងតាំងថ្មីនៅពេលនេះ សម្តេចក្រឡាហោម បានបង្ហាញជំនឿយ៉ាងមុតមាំថា អនុរដ្ឋលេខាធិការទទួលបន្ទុក ប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សានីតិកម្ម នឹងបន្តខិតខំប្រឹងប្រែងពង្រឹងភារកិច្ចរបស់ខ្លួនក្នុងការចូលរួមដឹកនាំ ព្រមទាំងសម្របសម្រួលការអនុវត្តការងាររបស់ក្រសួងមហាផ្ទៃ ឱ្យទទួលបានជោគជ័យបន្ថែមទៀត។
សម្តេចក្រឡាហោម មានប្រសាសន៍ណែនាំ និងចង្អុលបង្ហាញដល់ប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃដែលទើបតែងតាំងថ្មីថា ក្រសួងមហាផ្ទៃមានតួនាទីក្នុងការរៀបចំតាក់តែងច្បាប់សម្រាប់ក្រសួងផ្ទាល់ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏មានការចូលរួមចំណែកក្នុងការរៀបចំតាក់តែងច្បាប់ជាមួយអន្តរក្រសួងលើច្បាប់នានាក្នុងក្របខណ្ឌរាជរដ្ឋាភិបាលដែលនេះជាតួនាទីសំខាន់ណាស់សម្រាប់ប្រើប្រាស់នាពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
សូមជម្រាបជូនផងដែរថា ប្រធានក្រុមប្រឹក្សានីតិកម្ម និងប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ ដែលត្រូវបានតែងតាំង រួមមាន៖ ឯកឧត្តម អ៊ូច ចាន់ណូរ៉ា ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ឯកឧត្តម ហ៊ន យុវនា ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ១ ជាប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម ឆាន់ ចន្ទសុភក្តិ៍ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអនុប្រធានក្រុមប្រឹក្សានីតិកម្ម និង លោក ឧត្តមសេនីយ៍ឯក ហេង រត្នសីមា ជាសមហាជិកក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម វ៉ែន បញ្ញា ឋានន្តរស័ក្តិ វរមន្ត្រីថ្នាក់លេខ៤ ជាប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ៕
ដោយ៖ សហការី