ព័ត៌មានទាន់ហេតុការណ៍៖

លោក ង៉ោ ម៉េងជ្រួន ៖ គិតត្រឹមម៉ោង១១ និង៣០នាទីថ្ងៃទី២៩នេះ រកឃើញអ្នកស្លាប់ ១៦នាក់ និងអ្នករបួស ៥៨នាក់ ករណីអគ្គិភ័យឆាបឆេះ កាស៊ីណូ នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ គិតត្រឹមម៉ោង១១ និង៣០នាទីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២  រកឃើញអ្នកស្លាប់ ១៦នាក់ និងអ្នករបួស ៥៨នាក់ ករណីអគ្គិភ័យឆាបឆេះ កាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ 

លោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ បានបន្តថា, សមត្ថកិច្ច អាជ្ញាធរ កម្លាំងចម្រុះ នៅតែបន្តបើកប្រតិបត្តិការរុករក ជនររងគ្រោះ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា​ យោងតាមរបាយការណ៍បន្ថែមនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ករណីអគ្គិភ័យវាយប្រហារអគារកាស៉ីណូ”ហ្រ្គេនដាយមិន” ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ គឺមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់​ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។​ ខណៈ​កម្លាំងសមត្ថកិច្ចអាចគ្រប់គ្រងបានទាំងស្រុងហើយ។​

សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។

ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ។

ដោយ​ឡែកនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះដែរ​ ​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដឹកនាំ​កម្លាំងអន្ដរាគមន៍ចុះដោយផ្ទាល់ នៅទីតាំងកាស៊ីណូហ្រ្គេនដាយមិននេះផងដែរ អមដំណើរដោយអភិបាលខេត្តបន្ទាយមានជ័យ អភិបាលខេត្តបាត់ដំបង និងមានវត្តមានសមត្ថកិច្ចអាជ្ញាធរប្រទេសថៃ បានចូលរួមចុះអន្តរាគមន៍សង្គ្រោះ៕


ដោយ ៖ វណ្ណា


ចែករំលែក៖