ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលធ្លាប់បានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ និងទូរសព្ទ័ដៃចំនួន ២ករណីផ្សេងគ្នា) កាលពីថ្ងៃទី​២៩​ ធ្នូ​ម្សិលមិញ​ នៅចំណុចលើការ៉ូឡា ស្ថិតនៅក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដែល​ប្រព្រឹត្តិ​ឡើង​កាលពីថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២២ និងនៅចំណុចមុខសាលារៀនកម្មករ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ​ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ពេលធ្វើសកម្មភាពហើយបានរត់គេចខ្លួនបាត់អស់ ។

របាយការណ៍ដដែល​បន្តថា​ ជនសង្ស័យចំនួន ០២នាក់នេះ៖ ១-ឈ្មោះ គឹម នៅស៊ីណុច ហៅ ណុច ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរ និង ស្នាក់នៅ មិនពិតប្រាកដ ។ ២-ឈ្មោះ ឃួន ឧស្សាហ៍ ហៅ យក្ស ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ និង ស្នាក់នៅ មិនពិតប្រាកដ ។ ក្រោយពេលសាកសួរ ជនសង្ស័យទាំង០២នាក់បានសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន ។ 

វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូ ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ។ 

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងបន្តស្រាវជ្រាវសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

ដោយ​៖ សហការី​


ចែករំលែក៖