ភ្នំពេញ៖ នាព្រឹក ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន មួយសែនប្រាំម៉ឺនរៀល (៥,១៥០,០០០រៀល) អង្ករចំនួន ២៥ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៣គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
សូមបញ្ជាក់ផងដែរថា, កន្លងទៅលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រៅពីការងារដឹកនាំកងកម្លាំង ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំជាតិអន្តរជាតិ លោកតែងបំពេញការងារ ជួយសង្គម ជួយដល់សិស្សរួមសាលា លោកគ្រូអ្នកគ្រូ នាយនាយរងកងរាជអាវុធហត្ថ មានជំងឺឈឺស្កាត់ ជួបគ្រោះឧប្បត្តិហេតុផ្សេងៗ។ ជាពិសេសលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ដូចជាជំរុញឲ្យក្រុមការងាររបស់លោក ចុះជួបសួរសុខទុក្ខ សំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបដោយមនោសញ្ចេតនា ស្និទ្ធស្នាលបំផុត៕
ដោយ៖ចន្ទ លីហ្សា