អតីតខ្សែប្រយុទ្ធក្រុម Celtic និង St Mirren និងធ្លាប់ជាជម្រើសជាតិស្កុតឡេន លោក Frank McGarvey បានទទួលមរណភាពក្នុងអាយុ៦៦ឆ្នាំ។
ថ្មីៗនេះគាត់បានបង្ហើបថា គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីក ហើយបានបង្ហាញខ្លួននៅលើទីលាន Celtic Park ដើម្បីអរគុណអ្នកគាំទ្រសម្រាប់ការគាំទ្ររបស់ពួកគេ។
មានដើមកំណើតនៅទីក្រុង Glasgow លោក McGarvey បានចាប់ផ្តើមលេងនៅក្លិប St Mirren រួចចូលរួមជាមួយ Liverpool ហើយបន្ទាប់មកលេងឲ្យ Celtic មុនពេលត្រលប់ទៅក្លិបដំបូងរបស់គាត់វិញ។គាត់បានបង្ហាញខ្លួនក្នុងលីគកំពូលចំនួន៤៩៩ដង និងស៊ុតបាន១៧៤គ្រាប់ ហើយក៏លេងបាន៧ដងសម្រាប់ក្រុមជម្រើសជាតិស្កុតឡេន។
ក្នុងអាជីពជិត២០ឆ្នាំ លោក McGarvey បានជួយក្រុមឈ្នះ Scottish Cup ជាមួយ St Mirren និងពានរង្វាន់លីកចំនួន២ និងពានរង្វាន់ក្នុងស្រុកចំនួន៣ជាមួយ Celtic ។
លោក McGarvey បានចូលរួមជាមួយក្រុម Queen of the South ក្នុងនាមជាអ្នកចាត់ការទូទៅនៅក្នុងឆ្នាំ១៩៩០ ប៉ុន្តែបានដឹកនាំបានតែមួយរដូវកាលមុនពេលចុះហត្ថលេខាសម្រាប់ក្លិប Clyde ក្នុងកិច្ចសន្យា២រដូវកាល។
ក្លិប Celtic បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា McGarveyបានស្លាប់នៅព្រឹកព្រលឹមនៃថ្ងៃចូលឆ្នាំថ្មី ដោយបន្ថែមថា “គំនិត និងការអធិដ្ឋានរបស់អ្នកគ្រប់គ្នានៅ Celtic គឺនៅជាមួយគ្រួសាររបស់ Frank នៅពេលដ៏សោកសៅបំផុតនេះ” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)