ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌចំការមនលោកគ្រូ-អ្នកគ្រូនិងអាណាព្យាបាលសិស្សប្រារព្ធពិធីបេីកបវេសនកាលថ្មីឆ្នាំសិក្សា២០២២-២០២៣

ចែករំលែក៖

ភ្នំពេញ៖ លោកគ្រូអ្នកគ្រូ​ សិស្សានុសិស្ស​ និងអាណាព្យាបាលសិស្សជាច្រេីននាក់​ បានអញ្ជេីញចូលរួមពិធីបេីកបវេសនកាល​ថ្មីឆ្នាំ២០២២-២០២៣នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យសុធារស​ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទទី២ ខែមករា ឆ្នាំ២០២៣នេះ។ 

ពិធីបេីកបវេសនកាលសាលាបឋមសិក្សានិងវិទ្យាល័យសុធារស​ ដែលស្ថិតនៅភូមិ៥សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ បានធ្វេីឡេីងក្រោមវត្តមាន​ លោកចៅសង្កាត់ទន្លេបាសាក់​ លោកខាត់​ ណារិទ្ធ តំណាងឱ្យលោកអភិបាលខណ្ឌចំការមន។ 

លោកចៅសង្កាត់​ ខាត់​ ណារិទ្ធ​ នៅក្នុងពិធីបន្ទាប់ពីអានសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន​ សែន នាយករដ្ឋមន្ត្រីក្នុងឱកាសពិធីបេីកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣រួចមកលោកក៏បានថ្លែងជម្រុញដល់សិស្សានុសិស្សត្រូវខិតចំប្រឹងប្រែងរៀនសូត្រស្រូបយកចំណេះវិជ្ជាដេីម្បីអនាគតភ្លឺស្វាង​ និងក្លាយជាទំពាំងស្នងឬស្សីជួយដល់សង្គមជាតិ។ ក្នុងពិធី​ លោកខាត់ ណារិទ្ធ​ ក៏បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ​ ដែលបានខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្សនិងថ្លែងអរគុណផងដែរ​ ដល់មាតាបិតាសិស្សដែលតែងតែងបានចូលរួមក្នុងសកម្មភាពណែនាំអប់រំកូនៗ​ ដេីម្បីឱ្យកូនចៅក្លាយទៅជាសិស្សល្អកូនល្អ​ ពលរដ្ឋល្អក្នុងសង្គម។

សូមជម្រាបថា​ សាលាបឋមសិក្សានិងអនុវិទ្យាល័យសុធារស​ មានអគារសិក្សា១០ខ្នងចែកជា៤៧បន្ទប់។ 

សិស្សមតេយ្យមានចំនួន៤៧នាក់;​ សិស្សបឋមមានចំនួន៥៧០នាក់;​ សិស្សអនុវិទ្យាល័យមានចំនួន២០០នាក់។ សរុបសិស្សកំពុងសិក្សាទាំងអស់​ មានចំនួន៨១៧នាក់។

នៅក្នុងពិធីបេីកបវេសនកាលថ្ងៃនេះ​ ក៏មានការចែកសម្ភារៈសិក្សាដល់សិស្សពូកែនិងសិស្សានុសិស្សទផងដែរ​ ក្នុងនោះសិស្សអនុវិទ្យាល័យទទួលបានសៀវភៅម្នាក់៣ក្បាល​ ប៊ិច២ដេីម​ ខ្មៅដៃ១ដេីម​ បន្ទាត់១​ និងថវិកា៥ពាន់រៀលរីឯសិស្សបឋមសិក្សាទទួលបានសៀវភៅម្នាក់២ក្បាល​ ប៊ិច២ដេីម​ ខ្មៅដៃ១ដេីម​ បន្ទាត់១​ និងថវិកា២ពាន់រៀលចំណែកលោកគ្រូ-អ្នកគ្រូទទួលបានសំពត់ហូលម្នាក់មួយផងដែរ ៕

ដោយ៖ ជីណា


ចែករំលែក៖