ព័ត៌មានទាន់ហេតុការណ៍៖

នៅសប្ដាហ៍ក្រោយ លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើង 

ចែករំលែក៖

អន្តរជាតិ៖ សារព័ត៌មាន AFP បានបានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ បានរាយការណ៍ថាលោកប្រធានាធិបតី ស៊ី ជីនពីង នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ ហើយនេះជាដំណើរទស្សនកិច្ចដំបូងបំផុតរបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងពេល ៧ឆ្នាំមកនេះ។

ក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានគូសបញ្ជាក់ដូច្នេះថា «តបតាមការអញ្ជើញពីលោក គីម ជុងអ៊ុន លោក ស៊ី ជីនពីង ជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា»។

ចិនជាប្រភពនៃការគាំទ្រទាំងផ្នែកការទូត និងនយោបាយដ៏សំខាន់របស់កូរ៉េខាងជើងដែលជាប្រទេសឯកោជាងគេបំផុតមួយនៅលើពិភពលោក និងកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីអន្តរជាតិ។ បើទោះជាប្រទេសទាំង២ មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាក៏ពិតមែន តែដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនទៅកាន់កូរ៉េខាងជើងជារឿងកម្រ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកចុងក្រោយបំផុតរបស់លោក ស៊ី ជីនពីង ទៅកាន់កូរ៉េខាងជើង ធ្វើឡើងកាលពីឆ្នាំ២០១៩ ដែលជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់មេដឹកនាំចិន ចាប់តាំងពីអតីតប្រធានាធិបតីចិន លោក Hu Jintao ធ្វើទស្សនកិច្ចទៅទីក្រុងព្យុងយ៉ាងក្នុងឆ្នាំ២០០៥។ លោក ស៊ី ជីនពីង បានក្រាលព្រំក្រហមទទួលស្វាគមន៍លោក គីម ជុងអ៊ុន ក្នុងទីក្រុងប៉េកាំង កាលពីខែកញ្ញា ឆ្នាំ២០២៥ រួមជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នាឱកាសនៃការប្រារព្ធទិវាជ័យជម្នះលើកទី៨០របស់ចិនលើជប៉ុន ក្នុងសង្រ្គាមលោកលើកទី២។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក៏បានទទួលស្គាល់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងផងដែរ តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ៕


ចែករំលែក៖