ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនសិស្សវិទ្យាល័យច្បារអំពៅ២នាក់ ករណីព្រួតគ្នាវាយសិស្សម្នាក់នៅក្នុងសាលា

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩ព្រឹក បានឃាត់ខ្លួនសិស្សប្រុស ២នាក់ យកមកសាកសួរ ពាក់ព័ន្ធករណីព្រួតគ្នាវាយសិស្សម្នាក់នៅក្នុងបរិវេណវិទ្យាល័យច្បារអំពៅ ដែលករណីនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម។

ក្រោយទទួលបានពាក្យបណ្តឹងពីសិស្សរងគ្រោះឈ្មោះ សូនី ហេងលី ភេទប្រុស ជាសិស្ស រស់នៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ សមត្ថកិច្ចបានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនពាក់ព័ន្ធជាសិស្សវិទ្យាល័យច្បារអំពចំនួន ២នាក់ រួមមាន ឈ្មោះ សុខ វិជ្ជា និងឈ្មោះ តឹក សុវណ្ណរ័ត្នមុនី ដើម្បីយកមកសាកសួរ និងស្រាវជ្រាវបន្ថែម។

តាមសមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទីព្រឹក នៅវិទ្យាល័យច្បារអំពៅ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដំបូងនៃជម្លោះនេះ គឺបណ្តាលមកពីការនិយាយពាក្យសម្តីឌឺដងដាក់គ្នារវាងសិស្សរងគ្រោះ និងក្រុមសិស្សបង្ក។

បច្ចុប្បន្ន សិស្សទាំង ២នាក់ កំពុងស្ថិតក្រោមការសាកសួររបស់សមត្ថកិច្ច ខណៈអ្នកពាក់ព័ន្ធផ្សេងទៀតដែលមានវត្តមានក្នុងសកម្មភាពហិង្សានេះ កំពុងត្រូវបានស្រាវជ្រាវស្វែងរក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្តទៀត៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖