ព័ត៌មានទាន់ហេតុការណ៍៖

កូនស្រីលោក ថាក់ស៊ីន ត្រៀមរួចរាល់ក្នុងការឈរឈ្មោះបេក្ខភាពនាយករដ្ឋមន្ត្រីថៃ

ចែករំលែក៖

លោកស្រីPaetongtarn Shinawatra អាយុ៣៦ឆ្នាំ ជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងជាក្មួយស្រីរបស់អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានប្រកាសពីការត្រៀមខ្លួនដើម្បីឈរឈ្មោះជាប្រមុខរដ្ឋាភិបាល បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋឱ្យឈរឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោតខាងមុខ។
លោកស្រី Paetongtarn Shinawatra បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៦ ខែមករា ថា ” ចា៎ស ខ្ញុំត្រៀមខ្លួនហើយ យើងចង់ឱ្យគណបក្សភឿថៃឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ដូច្នេះការសន្យាដែលយើងបានធ្វើចំពោះប្រជាជននឹងត្រូវបានបំពេញ”។
ការប្រកាសនេះធ្វើឡើងស្របពេលដែលគណបក្សប្រឆាំងនៅក្នុងប្រទេសថៃកំពុងព្យាយាមសម្រេចគោលដៅរបស់ខ្លួនក្នុងការដណ្តើមបានការគ្រប់គ្រងរបស់រដ្ឋាភិបាលឡើងវិញបន្ទាប់ពីរដ្ឋប្រហារកាលពីប្រាំបីឆ្នាំមុន។ ជាពិសេស គណបក្សភឿថៃទទួលបានការគាំទ្រច្រើនពីវណ្ណៈកម្មករនៅតាមជនបទ និងទីក្រុង។ គណបក្សនេះបានឈ្នះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតឆ្នាំ២០១៩ ប៉ុន្តែមិនអាចបង្កើតរដ្ឋាភិបាលបានទេ។ លោកស្រី Paetongtarn នឹងឈរឈ្មោះជាសមាជិកនៃគណបក្សនេះ។
នៅក្នុងការស្ទង់មតិប្រចាំត្រីមាសដោយវិទ្យាស្ថានជាតិសម្រាប់ការអភិវឌ្ឍរដ្ឋបាល (NIDA) កាលពីចុងខែមុន លោកស្រី Paetongtarn ទទួលបានការគាំទ្រ 34% ពីមនុស្ស 2,000 នាក់ដែលមានអាយុលើសពី 18 ឆ្នាំ ដោយឈរនៅលំដាប់កំពូលក្នុងបញ្ជី ខណៈដែលនាយករដ្ឋមន្ត្រី Prayuth Chan-ocha ទទួលបានតែ 14.05% ។
អ្នកឆ្លើយតបជាច្រើនចំពោះការស្ទង់មតិបាននិយាយថា ពួកគេចូលចិត្តរបៀបវារៈដែលគណបក្សភឿថៃដាក់ចេញ។ នៅក្នុងនោះ គណបក្សបានសន្យាថានឹងដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន 70% នៅចុងបញ្ចប់នៃអាណត្តិ 4 ឆ្នាំ និងជំរុញកំណើនសេដ្ឋកិច្ចដល់ជាមធ្យម៥% ជារៀងរាល់ឆ្នាំ ប្រសិនបើខ្លួនត្រូវបានជាប់ឆ្នោតនោះ។
លើសពីនេះ សមិទ្ធផលកន្លងមករបស់សមាជិកត្រកូល ស៊ីណាវ៉ាត្រា ក៏បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតថៃពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១១ផងដែរ។ លោកថាក់ស៊ីន និងប្អូនស្រីរបស់គាត់គឺលោកស្រី យីងឡាក់ បានទទួលសន្លឹកឆ្នោតរាប់សិបលានពីអ្នកក្រីក្រធ្វើការនៅតាមជនបទ និងតំបន់ទីក្រុង ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ដោយសារគោលនយោបាយប្រជានិយម។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបម្រើការជានាយករដ្ឋមន្ត្រីថៃតាំងពីឆ្នាំ២០០១ ប៉ុន្តែត្រូវបានទម្លាក់ចេញពីអំណាច បន្ទាប់ពីរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០០៦។ នៅឆ្នាំ ២០១១ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថៃ ប៉ុន្តែក៏ត្រូវបានយោធាផ្តួលរំលំនៅឆ្នាំ ២០១៤ផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ MekongAsean.vn


ចែករំលែក៖