ខេត្តកណ្ដាល ៖ លោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីបច្ចេកទេសរួមជាមួយអាជ្ញាធរខេត្តកណ្តាល និងកងកម្លាំងប្រដាប់អាវុធទាំង៣ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនិងដោះស្រាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
យោងតាមរបាយការណ៍របស់ខេត្ត បានឱ្យដឹងថា ករណីបាក់ស្រុតមាត់ស្ទឹងក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បណ្តាលឱ្យរងការប៉ះពាល់និងខូចខាតបាក់ស្រុតផ្ទះទាំងស្រុងសរុប៦ខ្នងផ្ទះ ( ៧គ្រួសារ/មនុស្ស ៣១នាក់) ប៉ះពាល់ធ្ងន់ធ្ងរសរុប៦១ខ្នងផ្ទះ (៦៥គ្រួសារ មានមនុស្ស ២៤៤នាក់) ។
ជាការឆ្លើយតប គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជូនកម្លាំងប្រតិបត្តិការរុករកនិងសង្រ្គោះ ដោយមានការចូលរួមពីកម្លាំងទ័ពពិសេសឆត្រយោង ៩១១, បញ្ជាការដ្ឋានអង្គរក្ស , កងពលតូចដឹកជញ្ជូនលេខ៩៩ និងកងកម្លាំងរបស់យោធភូមិភាគពិសេស រួមសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងក្រុងតាខ្មៅ បាននិងកំពុងចុះជួយរុះរើផ្ទះប្រជាពលរដ្ឋអមសងខាងព្រែកថី ដែលកំពុងប្រឈមបាក់រលំស្រុតចូលក្នុងព្រែក។
ឆ្លៀតក្នុងឳកាសនោះដែរ លោកទេសរដ្ឋមន្ត្រី និងលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះផងដែរ៕
ដោយ៖ស តារា