ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្តនៅកម្ពុជា ដែលពិធីនេះ បានរៀបចំធ្វើឡើងនៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ ១០០ឆ្នាំ(១៩២៣-២០២៣)»។
ជាការចាប់ផ្ដើមថ្លែងនូវសុន្ទរកថាសម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា។ សម្តេចតេជោបានប្រកាសថា នៅថ្ងៃទី២៧ ខែមករានេះ សល់តែ៩៨ថ្ងៃទៀតប៉ុណ្ណោះ ដល់ពេលកម្ពុជាធ្វើម្ចាស់ផ្ទះប្រកួតស៊ីហ្គេមហើយ។ សម្តេចតេជោបានមានប្រសាសន៍ថា ការជួបជុំគ្នានៅព្រឹកថ្ងៃនេះ គឺជាជំនួបលើកទី៥ហើយ រវាងសម្តេច និងគ្រិស្តបរិស័ទ ដែលកន្លងមកតែងតែមានការជួបជាប្រចាំឆ្នាំ ក៏ប៉ុន្តែត្រូវបានអាក់ខានរយៈពេល៣ឆ្នាំកន្លងមកនេះដោយសារកូវីដ១៩ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ពិធីអបអរសាទរខួប១០០ឆ្នាំនៃវត្តមានគ្រិស្តសាសនានៅកម្ពុជា គឺជាការអរគុណដល់ព្រះយេស៊ូ។ ការជួបជុំអបអរសាទរនេះ១០០ឆ្នាំនេះ ក៏ជាការបង្ហាញឱ្យពីការរីកចម្រើនលើផ្នែកជំនឿសាសនានៅកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា គ្រិស្តបរិស័ទបានចូលរួមចំណែកយ៉ាងសំខាន់លើកិច្ចការសង្គមនៅកម្ពុជា ដូចជាបញ្ហាសង្គមការអភិវឌ្ឍន៍ធនធានមនុស្សវិស័យមនុស្សធម៌ និងសកម្មភាពផ្សេងៗជាច្រើនទៀត។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ដើម្បីបុព្វហេតុជាតិ និងប្រជាជន រាជរដ្ឋាភិបាល បានគាំពារគ្រប់សាសនាទាំងអស់នៅកម្ពុជា ហើយបានផ្តល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់គ្រប់សាសនា ទាំងអស់ដែលបាននឹងកំពុងមានវត្តមាននៅលើទឹកដីកម្ពុជា។កម្ពុជាមានមោទនភាពចំពោះប្រជាពលរដ្ឋ ទោះបីមានជំនឿសាសនាខុសគ្នា តែបានរួមរស់ជាមួយគ្នាយ៉ាងសុខសាន្តមិនមានជម្លោះសាសនាអ្វីឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់គ្រិស្តបរិស័ទទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាថែរក្សាសុខសន្តិភាព និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលកន្លងមកនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ថ្ងៃជ័យជម្នះ៧មករា មិនត្រឹមតែជួយឱ្យជីវិតពលរដ្ឋខ្មែរបានរស់ឡើងវិញប៉ុណ្ណោះទេ តែក៏បានជួយឱ្យសាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជារស់ឡើងវិញផងដែរ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា ជម្លោះសាសនា គឺជាមហន្តរាយមួយដ៏ធំធេង ដែលមិនអាចឱ្យកើតមានឡើយនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោក៏បានថ្លែងនូវការអំពាវនាវដល់ថ្នាក់ដឹកនាំគ្រិស្តត្រូវសាមគ្គីគ្នាទាំងផ្ទៃក្នុង និងជាមួយសាសនាដទៃ ដោយឈរលើគោលការណ៍សុខដុមនីយកម្ម ហើយសង្ឃឹមថា ថ្នាក់ដឹកនាំគ្រិស្តនៅកម្ពុជា នឹងជ្រើសតំណាងមួយ ដើម្បីជជែកជាមួយសាសនាដទៃ ក៏ដូចជាអាជ្ញាធរ ដើម្បីចូលរួមថែរក្សាការពារសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម។
មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យបងប្អូនគ្រិស្តសាសនាទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា៕
ដោយ៖ សូរិយា