ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីពូទីន មានបំណងជួបពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ តាមទូរស័ព្ទ

ចែករំលែក៖

នៅថ្ងៃទី ២៩ ខែមករាវិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីនត្រៀមខ្លួនជាស្រេចដើម្បីទាក់ទងអធិការបតីអាល្លឺម៉ង់ Olaf Scholz ទោះបីជាការហៅទូរស័ព្ទរវាងអ្នកទាំងពីរនៅពេលនេះមិនស្ថិតនៅក្នុងកាលវិភាគការងាររបស់មេដឹកនាំរុស្ស៊ីក៏ដោយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក ពូទីន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ទោះបីជាមិនទាន់មានការហៅទូរស័ព្ទតាមកាលវិភាគក៏ដោយ។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានបញ្ជាក់ជាថ្មីឡើងវិញថា អាល្លឺម៉ង់នឹងមិនបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែននោះទេ ខណៈដែលទីក្រុង កៀវ អំពាវនាវឱ្យលោកខាងលិចបញ្ជូនអាវុធទំនើបៗមកបន្ថែម ក្នុងនោះរួមមានទាំងយន្ដហោះចម្បាំងជំនាន់ទី៤ នៅចំពោះមុខការព្រមានថា រុស្ស៉ីអាចនឹងបើកការវាយលុក ទ្រង់ទ្រាយធំថ្មីមួយឆាប់ៗនេះ។
លោក អូឡាហ្វ សូលស៍ បានធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាល្លឺម៉ង់ ថាកស្ពីហ្គែល (Tagesspiegel) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកយល់ព្រមបញ្ជូនរថក្រោះធុនធ្ងន់ឱ្យអ៊ុយក្រែន ដោយទីក្រុងបែរឡាំងក៏បានអនុញ្ញាតឱ្យប្រទេសអឺរ៉ុបដទៃផ្គត់ផ្គង់រថក្រោះ Leopard 2 របស់ខ្លួន សម្រាប់ទាហានអ៊ុយក្រែនផងដែរ។
ថ្លែងនៅក្នុងបទសម្ភាសន៍នោះ លោកអធិការបតីអាល្លឺម៉ង់បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំត្រឹមអាចផ្ដល់យោបល់ប្រឆាំងនឹងការរត់ប្រណាំងប្រជែងគ្នា ដើម្បីបញ្ជូនអាវុធឱ្យអ៊ុយក្រែន… ហើយខណៈការសម្រេចចិត្តផ្ដល់រថក្រោះត្រូវបានធ្វើឡើង ការជជែកដេញដោលពីការផ្ដល់យន្ដហោះចម្បាំងដែលបានចាប់ផ្ដើមឡើងរួចទៅហើយក្នុងប្រទេសអាល្លឺម៉ង់ មិនគួរបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ឬបំផ្លាញទំនុកចិត្តនៃប្រជាជនអាល្លឺម៉ង់លើការសម្រេចចិត្តរបស់រដ្ឋាភិបាលនោះទេ»។
បើតាមលោក អូឡាហ្វ សូលស៍ ការរក្សាកិច្ចសន្ទនាជាមួយលោកប្រធានាធិបតី ពូទីន នៅតែមានសារៈសំខាន់ ដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមរវាង NATO នឹងរុស្ស៉ី ផ្ទុះឡើង ហើយថាលោកផ្ទាល់នឹងបន្តរក្សាទំនាក់ទំនងពិភាក្សាតាមទូរស័ព្ទជាមួយលោក ពូទីន ប៉ុន្តែលោកអះអាងថា ដរាបណារុស្ស៉ីនៅតែបន្តធ្វើសង្រ្គាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន នោះស្ថានការណ៍សព្វថ្ងៃរវាងរុស្ស៉ីនឹងអាល្លឺម៉ង់ នឹងមិនមានអ្វីផ្លាស់ប្ដូរឡើយ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ tienphong.vn

រូប​ថត​ ៖  plo.vn


ចែករំលែក៖