ព័ត៌មានទាន់ហេតុការណ៍៖

គួរស្វែងយល់ ! ការធ្វើរបងលើដីជាប់ព្រំគ្នា ដែល(ភាសាច្បាប់ ហៅថារបងអឌ្ឍសិទ្ធិ)

ចែករំលែក៖

ភ្នំពេញ ៖ គួរស្វែងយល់ ! ការធ្វើរបងលើដីជាប់ព្រំគ្នា ដែល(ភាសាច្បាប់ ហៅថារបងអឌ្ឍសិទ្ធិ)។ នេះបើតាមការលើកឡើងតាមគ្រុបប្រព័ន្ធ Telegram រឿងរ៉ាវអំពីដី ។

ក្នុងនោះលើកឡើង ៥ចំណុច ខូចខាងក្រោម : 

១. ការធ្វើរបងលើដីជាប់ព្រំគ្នា (ភាសាច្បាប់ ហៅថារបងអឌ្ឍសិទ្ធិ)

មុនពេលធ្វើរបង ម្ចាស់ដីមានព្រំជាប់គ្នា ត្រូវសហការលើបន្ទុកចំណាយស្មើគ្នាលើការសាងសង់ ជួសជុល និងថែទាំ។ ភាគីម្ខាងនៃព្រំដី អាចបដិសេដមិនសហការចំណាយ ប៉ុន្តែភាគីម្ខាងទៀតនឹងមានសិទ្ធិទាំងស្រុងលើរបងអឌ្ឍសិទ្ធិនោះ។ (មាត្រ២២៤ នៃក្រមរដ្ឋប្បវេណី)

ការធ្វើរបងនេះទៀតសោត ម្ចាស់ដីម្ខាងអាចធ្វើលយចូលដីម្ខាងទៀតក៏បាន តែត្រូវចេញសំណងក្នុងករណីមានការប៉ះពាល់ផ្សេងៗ។ ដូច្នេះ ដើម្បីជៀសវាងវិវាទ នៅពេលធ្វើរបង ភាគីទាំងសងខាងអាចស្នើសុំឱ្យអាជ្ញាធរភូមិ ឃុំ សង្កាត់ និងមន្ត្រីសុរិយោដីជួយវាស់វែងជាមុនសិន។

២. ជញ្ជាំងជាប់គ្នា (ឬជញ្ជាំងអឌ្ឍសិទ្ធិ)

មិនខុសពីរបងអឌ្ឍសិទ្ធិទេ នៅពេលសាងសង់ជញ្ជាំង ម្ចាស់ទាំងសងខាង គួរសហការចេញថ្លៃសាងសង់ស្មើៗគ្នា ហើយមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលបានដូចគ្នា។

ប៉ុន្តែ ក្នុងករណី ភាគីម្ខាងបានសង់ជញ្ជាំងរួចរាល់តែម្នាក់ឯង បើភាគីម្ខាងទៀតចង់សាងសង់ផ្ទះ ឬអគារភ្ជាប់ទៅនឹងជញ្ជាំងនោះ ត្រូវស្នើសុំទៅភាគីម្ចាស់ជញ្ជាំង។ លើសពីនេះ ភាគីស្នើសុំក៏ត្រូវបង់ប្រាក់ពាក់កណ្តាលនៃថ្លៃជញ្ជាំង បូកជាមួយនឹងពាក់កណ្តាលនៃថ្លៃដី ដែលនៅក្រោមជញ្ជាំងនោះផងដែរ។ (មាត្រា២២០ នៃក្រមរដ្ឋប្បវេណី)

៣. ការដាំដើមឈើលើព្រំដី

ភាគីម្ខាងអាចដាំដើមឈើធ្វើជារបងនៅលើព្រំដីនោះបាន ប៉ុន្តែមិនឱ្យមានកំពស់លើសពី ២ម៉ែត្រ ហើយត្រូវមានការយល់ព្រមពីម្ចាស់ដីម្ខាងទៀត។ យ៉ាងណាមិញ ក្នុងករណីដើមឈើកម្ពស់លើសពី ២ម៉ែត្រ ត្រូវដាំឱ្យឆ្ងាយពីព្រំដីចម្ងាយចាប់ពី ២ម៉ែត្រឡើងទៅ។ (មាត្រា ១៥៤ នៃក្រមរដ្ឋប្បវេណី)

៤. ដីបិទជិត

មាត្រា១៤៤ នៃក្រមរដ្ឋប្បវេណី បានទុកសិទ្ធិឱ្យម្ចាស់ដីបិទជិត ឬដីដែលហ៊ុមព័ទ្ធដោយដីអ្នកដទៃហើយគ្មានច្រកចេញចូល មិនថាដីជាប្រភេទដីលំនៅឋាន ឬដីកសិកម្ម ឬដីឧស្សាហកម្មទេ អាចទាមទារសុំបើកច្រកចេញចូលឆ្លងកាត់ដីជិតខាងបាន ប៉ុន្តែត្រូវបង់ប្រាក់សំណងទៅតាមការខូចខាត។ លើសពីនេះ បើការចរចារសុំបើកផ្លូវមិនបានសម្រេច ម្ចាស់ដីបិទជិតក៏អាចប្តឹងសុំឱ្យតុលាការឱ្យសម្រេច អំពីទំហំផ្លូវ និងប្រាក់សំណងបានផងដែរ។

៥. ការចុះបញ្ជីដីធ្លី

ម្ចាស់ដីទាំងសងខាងត្រូវតែដឹងឮ និងចូលរួម នៅពេលមានការវាស់វែងចុះបញ្ជីដីធ្លីទាំងជាប្រព័ន្ធ និងដាច់ដោយដុំ ដោយមន្ត្រីសុរិយោដី។ ប្រសិនបើមានការជំទាស់ ភាគីនៃម្ចាស់ដីជាប់ព្រំអាចប្តឹងទៅគណៈកម្មការសុរិយោដី ដើម្បីស្វែងរកដំណោះស្រាយ។

ម៉្យាងវិញទៀត បន្ទាប់ពីបានកំណត់ និងកសាងប្លង់រួចរាល់ អាជ្ញាធរនឹងធ្វើការបិទផ្សាយជាសាធារណៈអំពីព័ត៌មាននៃដី (ដូចជាឈ្មោះម្ចាស់ដី ទំហំ ទីតាំង និងព្រំដីជាដើម) ក្នុងរយៈពេល៣០ថ្ងៃ។ ក្នុងរយៈពេលនេះ ម្ចាស់ដី ឬអ្នកពាក់ព័ន្ធនឹងដីនោះ អាចធ្វើការតវ៉ា ប្រសិនបើពិនិត្យទៅមានភាពមិនច្បាស់លាស់។

សរុបមក ការប្រើប្រាស់ដីជាប់គ្នាត្រូវធ្វើតាមផ្លូវច្បាប់ មិនអាចធ្វើតាមតែចិត្តឯងបានទេ ដើម្បីជៀសវាងមានវិវាទ។ ប៉ុន្តែក្នុងករណីមានមានវិវាទ គឺត្រូវដោះសា្រយតាមរយៈអាជ្ញាធរមានសមត្ថកិច្ច និងតុលាការ ៕

ដោយ ៖ សហការី


ចែករំលែក៖