ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ សម័យតេជោ គឺមានជម្រើសច្រើនសម្រាប់សិស្សានុសិស្សក្នុងការរៀនបន្ត ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡងនៅឱកាសពេលក្រោយទៀត

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងលើកទឹកចិត្តទៅដល់សិស្សានុសិស្សដែលប្រឡងធ្លាក់បាក់ឌុប ប្រចាំឆ្នាំ២០២២-២០២៣ កុំអស់សង្ឃឹម ត្រូវបន្តខិតខំ សិក្សា ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡងនៅឱកាសពេលក្រោយទៀត។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ជាង១ពាន់នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC) ក្នុងរាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា សិស្សដែលប្រឡងធ្លាក់បាក់ឌុប អាចធ្វើការជ្រើសរើសបានសម្រាប់ការរៀនបន្តដែលមានដូចជាការសិក្សាថ្នាក់បរិញ្ញាបត្ររង និងការសិក្សាថ្នាក់ជំនាញបច្ចេកទេសទូរទៅបាន នៅតាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់នូវចំណេះជំនាញបច្ចេកទេសដ៏សិស្សានុសិស្សដើម្បីអាចក្លាយជាធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិយ៉ាងសំខាន់ផងដែរ។ 

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចៅៗ ពិតជាមានភ័ព្វសំណាងខ្លាំងណាស់ បានកើតមកក្នុងសម័យនេះ ដែលប្រទេសមានសុខសន្តិភាព ខុសគ្នាឆ្ងាយកាលពីជំនាន់មុន ដែលលោកតា លោកយាយ រៀនសូត្រមានការលំបាកណាស់ ដោយសារប្រទេសអស្ថិរភាព។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា បើប្រៀបធៀបគ្នារវាងសម័យមុន និងសម័យតេជោ គឺចៅៗអត់លំបាកក្នុងការទទួលបានឱកាសសិក្សារៀនសូត្រនោះទេ ពីព្រោះប្រទេសមានសុខសន្តិភាព តែនៅមានឧបសគ្គតិចតួច ដូចជាត្រូវសិក្សាតាមអនឡាញ និងការធ្វើដំណើរចរាចរណ៍ ដែលឧបសគ្គទាំងនេះ ស្ថិតនៅក្រោមការគិតរបស់ខ្លួនផ្ទាល់ អាចបង្ការ និងគ្រប់គ្រងបាន មិនមែនជាឧបសគ្គធ្ងន់ធ្ងរនោះទេ៕

ដោយ ៖ សិលា


ចែករំលែក៖