ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីយោធាពាក់ស័ក្តិ៤ សង្ស័យជិះម៉ូតូទាក់នឹងខ្សែភ្លើងធ្វើឱ្យដួលអូសជាច្រើនម៉ែត្របោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័ម បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃ អង្គារ ទី៧ ខែ កុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ១៨០០ ត្រង់ចំណុចមុខតារាងបាល់មួយកន្លែង ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ប៊ុន ហៀប ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាមន្ត្រីយោធាពាក់ស័ក្ដិ៤ ។
យោងតាមប្រភពពីអ្នកស្គាល់គ្នាជាមួយជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូធុនធំ ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JS- 7154 ដោយធ្វេីដំណើរតាមបណ្ដោយផ្លូវលេខ១៨០០ ក្នុងទិសដៅពីជើងទៅត្បូងក្នុងគោលបំណងទៅបុណ្យញាតិមិត្ត ខណៈមកដល់ចំណុចកើតហេតុខាងលើសង្ស័យទាក់នឹងខ្សែភ្លើងទើបបណ្ដាលឱ្យដួលបោកក្បាលអូសជាច្រើនម៉ែត្រស្លាប់ភ្លាមៗតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលទួលសង្កែ២បានចុះមកកន្លែងកើតហេតុ ពិនិត្យជាក់សែ្តងនិងធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ