ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោសម្តែងការសោកស្តាយ និងអាឡោះអាល័យចំពោះប្អូនថ្លៃស្រីនិងមិនបាននៅចូលរួមបុណ្យ៧ ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការសោកស្តាយ និងអាឡោះអាល័យបំផុត ចំពោះ​លោកជំទាវ ប៊ុន សុថា ត្រូវជាប្អូនថ្លៃស្រីរបស់សម្តេច ដែលបានមរណភាពកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះក្នុង ជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច នាយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះសម្តេចបានសរសេរថា« ប្អូនស្រីថ្ងៃស្អែកបែកគ្នា!»​ សល់តែមួយយប់ទៀត​ប៉ុណ្ណោះរូបកាយប្អូន​នឹងត្រូវបញ្ចុះទៅក្នុង​ព្រះធរណី​ដែលជា​ទីកន្លែង​សម្រាក​ចុងក្រោយរបស់ប្អូន។បែកគ្នាដោយមិនបានលាគឺជារឿងមិនអស់ចិត្តសម្រាប់ក្រុមគ្រួសារតែនេះជាក្រិត្យក្រមធម្មជាតិដែលមិនអាចជៀសវាងបានគឺ កើត ចាស់ ឈឺ ស្លាប់តែអ្វីជាការសោកស្តាយ​គឺនៅត្រង់មនុស្សដែល​មានអាយុច្រើន​ធ្វើបុណ្យសពឲ្យ​មនុស្សដែល​មាន​អាយុតិច​ជាង។ ជាគ្រួសារ​មួយដែលមិនធ្លាប់មានទំនាស់ទោះតូចក្ដី ធំក្តីមិនដែលមាន​ភាពរកាំរកូសសូម្បី​ពាក្យសំដី​មួយម៉ាត់ ការបែកគ្នា​ដោយគ្មានពេលជួបវិញពិតជា​បានធ្វើឲ្យក្រុមគ្រួសារ​កាន់តែអាឡោះអាល័យ​នឹកស្រណោះ​ដល់ពេល​ដែលកន្លង​ហួសពិសេសកូន ចៅនិងក្មួយៗដែលម្តាយជីដូននិងម្តាយមីងបានមើលថែទាំដល់ពួកគេ»។

សម្តេចតេជោ ក៏បានសម្តែងការសោកស្តាយផងដែរដោយមិនបានចូលរួមបុណ្យ៧ថ្ងៃ របស់លោកជំទាវ ប៊ុន សុថា ដោយសារតែសម្តេចជាប់រវល់បំពេញបេសកកម្មនៅក្រៅប្រទេស។ សម្តេចបានបញ្ជាក់ថា «ដូចឆ្នាំកន្លង​មកដែរពេល​បងប្រុស​មរណភាពខ្ញុំមិនបានចូលរួមបុណ្យ៧ថ្ងៃនោះទេព្រោះត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បី​ប្រជុំពិសេស​អាស៊ាន.សហរដ្ឋអាមេរិក។លើកនេះពេលប្អូនស្រីទទួលមរណភាពពេលបុណ្យ៧ថ្ងៃ ត្រូវដឹកនាំគណប្រតិភូជាន់ខ្ពស់​ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនដែលកម្មវិធីនេះបានព្រមព្រៀងគ្នាតាមរយៈការទូតជាង​មួយ​ខែមកហើយ»៕

ដោយ៖ សូរិយា


ចែករំលែក៖