ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ ចេញសេចក្តីណែនាំ ស្តីពី វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។

ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រឹះស្ថានសិក្សា ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំ ដល់គ្រឹះស្ថានសិក្សាសាធាណៈ និងឯកជន ក្នុងឆ្នាំ២០២៣ ដូចតទៅ៖ 

១-ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេល ទង់ជាតិកុំឱ្យមានការយល់ខុសអំពីអត្ថន័យទិវានៃក្តីស្រឡាញ់

២-ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ជាពិសេសលើការអប់រំសីលធម៌ ដោយ តាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ

៣-ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត”

៤-ត្រូវទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតាឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីផ្ដល់ និងទទួលព័ត៌មាននានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស សំដៅរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា

៥-បន្តពង្រឹងការអនុវត្តប្រកាសលេខ១២៥៨ អយក.ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ ស្តីពី បទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សា និងប្រកាសលេខ២៧៨៦ អយក.ប្រក ចុះថ្ងៃទី២២ ខែ តុលា ឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ។

ទទួលបានសេចក្ដីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត គណៈគ្រប់គ្រងសាលារៀន និង គ្រប់ភាគីពាក់ព័ន្ធ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សិលា

 


ចែករំលែក៖