ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលនៃការចូលរួមការពាររបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សឺណែល ប្រទេសស្វីស។
គណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា សូមជូនដំណឹងដល់សាធារណៈជនដែលមានបំណងទទួលព័ត៌មានពាក់ព័ន្ធអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមចូលរួមតាមរយៈ តំណាងឱ្យ លោក កែវ រ៉ាមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) និងជា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូពីគ.ស.ម.ក. និងគណៈប្រតិភូអន្តរក្រសួងរួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកា សញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ដែលជារបាយការណ៍ផ្គួបលើកទី៦ ទី៦ និង – ទី៧ – ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៧៣ នៃគណៈកម្មាធិការ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។
ការការពាររបាយការណ៍នេះ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ អង្គការសហប្រជាជាតិ ដែលត្រូវធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង សម្រាប់តាមដាននិងការធ្វើឱ្យប្រសើឡើងនូវ ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសទាំងអស់ដែលជាសមាជិក។ ការពិនិត្យរបាយការណ៍នេះ គឺជាព្រឹត្តិការណ៍ មួយដែលបានធ្វើឡើងក្នុងទម្រង់ជាកិច្ចសន្ទនាបែបស្ថាបនា (Constructive Dialogue) រវាងគណៈប្រតិភូនៃ រដ្ឋភាគី និងសមាជិក សមាជិកានៃគណៈកម្មាធិការ ក្នុងគោលបំណងចែករំលែក ឬផ្លាស់ប្តូរនូវការអនុវត្តល្អៗ បទពិសោធន៍ ចំណុចខ្វះខាត កង្វល់ ឬបញ្ហាប្រឈមនានា ព្រមទាំងទិសដៅការងារសម្រាប់ថ្ងៃអនាគត ដើម្បី ធានានូវការអនុវត្តនិងការគោរពតាមបទប្បញ្ញត្តិនៃ ICESCR នៅក្នុងរដ្ឋភាគី។
កិច្ចសន្ទនានេះត្រូវបានរៀបចំឡើងចំនួនបួនផ្នែក ដោយថ្មីទី១ ផ្តោតលើចំណុចសំខាន់ៗរួមមាន (១) កិច្ចការពារបរិស្ថាននិងធនធានធម្មជាតិ (២) ជនជាតិដើមភាគតិច (៣) ការចុះបញ្ជីដីធ្លីរបស់ជនជាតិដើម ភាគតិត (៤) វិធានការការប្រឆាំងអំពើពុករលួយ (៥) វិធានការឬគោលនយោបាយប្រឆាំងនឹងការរើសអើង និង (៦) សិទ្ធិស្ត្រីនិងសមភាពយែនឌ័រ។ ផ្នែកទី២ រួមមាន (១) សិទ្ធិការងារ (២) ប្រាក់ឈ្នួលអប្បបរមានិងនីតិ វិធីក្នុងការដោះស្រាយវិវាទការងារ (៣) អធិការកិច្ចការងារ (៤) សិទ្ធិសហជីព និង (៥) មូលនិធីសន្តិសុខ សង្គម។ ផ្នែកទី៣ រួមមាន (១) ការប្រឆាំងអំពើជួញដូរមនុស្ស (២) សន្តិសុខស្បៀង (៣) សណ្ដាប់ធ្នាប់ សាធារណៈនិងលំនៅដ្ឋាន (៤) ការបណ្ដេញចេញនិងការផ្លាស់ទីលំនៅដោយបង្ខំ (៥). ការផ្គត់ផ្គង់ទឹក (៦) សុខភាព និង (៧) ក្រមខណ្ឌច្បាប់ស្តីពីសុខភាពផ្លូវចិត្ត និងផ្នែកទី៤ រួមមាន (១) សិទ្ធិទទួលការអប់រំ និង (២) សិទ្ធិវប្បធម៌។
គណៈប្រតិភូបានពន្យល់បកស្រាយលំអិតទៅតាមផ្នែកនីមួយៗ ដោយលើកឡើងនូវកិច្ចខិតខំប្រឹង ប្រែងជាវិជ្ជមានរបស់រាជរដ្ឋាភិបាលកម្ពុជារួមមានទាំងក្រមខណ្ឌស្ថាប័ន ក្រមខណ្ឌច្បាប់ គោលនយោបាយ ការរៀបចំលិខិតបទដ្ឋានគតិយុត្តនិងយុទ្ធសាស្ត្រនានា រួមទាំងការអនុវត្តដោយផ្អែកលើទិដ្ឋភាពច្បាប់ជាតិនិង អន្តរជាតិ។ បន្ថែមពីលើនេះ គណៈប្រតិភូក៏បានបង្ហាញផងដែរអំពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពនយោបាយ និង បច្ចេកទេសពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ព្រមទាំងវឌ្ឍនភាព និងកិច្ចខិតខំប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ លើកកម្ពស់និងការពារសិទ្ធិមនុស្ស ជាពិសេសក្នុងស្ថានភាពកូវីដ-១៩ និងការរក្សាបានូវសន្តិភាពដែលជា មូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ។ រួមជាមួយគ្នានេះដែរ សមាជិក សមាជិកានៃគណៈកម្មាធិការ បានអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្ស និងបានផ្ដល់ជាអនុសាសន៍ សម្រាប់ការអនុវត្តបន្ថែមទៀត ដើម្បីជំរុញឱ្យវិស័យសិទ្ធិមនុស្សនៅកម្ពុជាកាន់តែល្អប្រសើរថែមទៀត។
ជាការសន្និដ្ឋាន : ដំណើរការនៃកិច្ចសន្ទនាបែបស្ថាបនានេះ បានផ្តល់វេទិកាឱ្យកម្ពុជាដែលជារដ្ឋភាគី នៃ ICESCR ក្នុងការបង្ហាញនូវសមិទ្ធផលនានាដែលសម្រេចបាន ពន្យល់ បកស្រាយចំពោះការចោទប្រកាន់ ផ្សេងៗពាក់ព័ន្ធសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដើម្បីបង្ហាញពីកម្ពុជាពិត ហើយក៏ជាឱកាសក្នុងការទទួល បាននូវអនុសាសន៍ពីអ្នកជំនាញសិទ្ធិមនុស្សផងដែរ។ ទន្ទឹមនឹងនេះ កិច្ចសន្ទនាបានប្រព្រឹត្តទៅនិងបញ្ចប់ ដោយការយោគយល់ សោមនស្សរីករាយ និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គ.ស.ម.ក. និងជាប្រធានប្រតិភូ តាមរយៈលេខទូរសព្ទ ០៦១ ៦៦៦ ៧៧៨ ៕
ដោយ ៖ សិលា