ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ថាអ្នកខ្លះតាំងខ្លួនជាឥន្ទ្រីយ៍តែខ្លួន កើតចេញពីអាចម៌គោ ហាក់ទំនងសំដៅលើ ស៊ន ដារ៉ា

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានថ្លែងថាធម្មជាតិតែងបង្កើតអ្វីមកមានហេតុផលរបស់វា ខណៈដែលសម្ដេចបង្ហាញការហួសចិត្តថាអ្នកខ្លះកើតចេញពីអាចម៌គោសោះតែបែជាតាំងខ្លួនជាឥន្ទ្រីយ៍។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះហាក់ទំនងសំដៅលើអ្នកអត្ថាធិប្បាយតាមបណ្ដាញសង្គមម្នាក់ឈ្មោះ ស៊ន ដារ៉ា ដែលតាំងខ្លួនជាឥន្ទ្រីយ៍មានឥទ្ធិពលធ្វើឱ្យសម្ដេចដែលជានាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត ដែលកំពុងជាមេទ័ពភ័យខ្លាច ខណៈ ស៊ន ដារ៉ា គ្រាន់ជាអ្នកអត្ថធិប្បាយតាមបណ្ដាញសង្គមម្នាក់ប៉ុណ្ណោះ។

សម្ដេចថ្លែងបែបនេះក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រឹកថ្ងៃ០១ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលសន្និបាទនិងពិព័ណ៌កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ បើមិនដឹងគុណស្រ័យរាជរដ្ឋាភិបាល និងប្រទេសជាតិខ្លួនឯងទេ គួរណាស់តែដឹងគុណស្រ័យមាតាបិតា ។

 សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើជាមនុស្ស បើមិនដឹងគុណស្រ័យរាជរដ្ឋាភិបាល និងប្រទេសជាតិខ្លួនឯងទេ គួរណាស់តែដឹងគុណស្រ័យមាតាបិតា អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូរបស់ខ្លួនដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វាមិនមែនជាភាពត្រឹមត្រូវទេ ដែលខ្លួនឯងរស់នៅ និងសិក្សានៅក្នុងប្រទេស ស្រាប់តែបានចេញទៅរស់នៅក្រៅប្រទេស មកបង្អាប់សញ្ញាបត្រនៅក្នុងប្រទេសទៅវិញ៕

ដោយ ៖ សិលា


ចែករំលែក៖