កាលពីថ្ងៃទី១៩ ខែមីនា វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានទៅទស្សនាទីក្រុង Mariupol ទីក្រុង Donbass ដែលបានដាក់បញ្ជូលក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
កាលពីថ្ងៃទី ១៩ ខែមីនា សារព័ត៌មាន TASS បានដកស្រង់ព័ត៌មានពី វិមានក្រឹមឡាំងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុង Mariupol ដើម្បី “ពិនិត្យមើលកន្លែងមួយចំនួននៅក្នុងទីក្រុង និងនិយាយទៅកាន់ប្រជាជនក្នុងតំបន់”។ អមដំណើរលោកមានឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Marat Khusnullin ។
យោងតាម TASS លោក Putin បានទៅដល់ Mariupol ដោយឧទ្ធម្ភាគចក្រ។ បន្ទាប់មកគាត់បានបើកឡានតាមដងផ្លូវដោយឈប់នៅទីតាំងជាច្រើន។
សារព័ត៌មាន RT បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីបានឈប់ពិនិត្យមើលវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែង “ការកសាងឡើងវិញនិងការស្តារឡើងវិញ” នៅក្នុងតំបន់ រួមទាំង “តំបន់លំនៅឋានថ្មី តាមទីសាធារណៈ និងការអប់រំ ហេដ្ឋារចនាសម្ព័ន្ធលំនៅឋាន” ។ RT បាននិយាយថាពេលវេលាជាក់លាក់នៃការធ្វើដំណើរគឺមិនច្បាស់ទេ។
Mariupol ដែលបច្ចុប្បន្នគ្រប់គ្រងដោយរុស្ស៊ី គឺជាទីក្រុងមួយនៅភាគអាគ្នេយ៍អ៊ុយក្រែន លើសមុទ្រ Azov ចម្ងាយជាង 50km ពីព្រំដែនជាមួយប្រទេសរុស្ស៊ី។ វាជាទីក្រុងកំពង់ផែដ៏សំខាន់មួយសម្រាប់ការនាំចូល និងនាំចេញទំនិញ រួមទាំងគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មផ្សេងទៀត ។ សម្រាប់អ៊ុយក្រែន Mariupol ដើរតួយ៉ាងសំខាន់ក្នុងវិស័យការពារជាតិ។
ទីក្រុងនេះគឺជាចំណុចសំខាន់មួយនៅក្នុងដំណាក់កាលដំបូងនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដោយមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ រួមទាំងការប៉ះទង្គិចគ្នានៅរោងចក្រដែក Azovstal ផងដែរ។ នៅខែកញ្ញាឆ្នាំ 2022 ប្រទេសរុស្ស៊ីបានប្រកាសពីការបញ្ចូលតំបន់អ៊ុយក្រែនចំនួន 4 រួមទាំងសាធារណរដ្ឋប្រជាមានិត Donetsk ផង។
ដំណើរទស្សនកិច្ចកើតឡើងក្រោយពេលដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួន លោកពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាម នៅប្រទេសអ៊ុយក្រែន៕
ដោយ៖ ធីរីណា(រូបថត៖ RT)